ប្រជាជន​ថៃវ័យចំណាស់នឹងកើនឡើងខ្លាំងនៅ​ឆ្នាំ​២០២៩

ថៃ៖យោងតាមរបាយការណ៍ស្រាវជ្រាវធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវកសិករឬហៅកាត់ថា KResearch បានបង្ហាញថា ដោយសារតែការធ្លាក់ចុះនៃអត្រាកំណើតក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ​ ប្រទេសថៃនឹងក្លាយទៅជាប្រទេសដែលមានមនុស្សវ័យចំណាស់ច្រើននៅឆ្នាំ២០២៩។ ការស្រាវជ្រាវនេះក៏បានបង្ហាញពីចំនួនអ្នកកើត និងក្មេងជំទង់ចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២២ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ​។​

អ្នកស្រាវជ្រាវបានលើកឡើងថា អត្រាកំណើតបានចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២០ ដែល​ក៏ជាឆ្នាំដែលជំងឺរាតត្បាតកូវីដ១៩ ត្រូវបានរកឃើញ​ និងផ្ទុះឡើង ហើយអត្រាកំណើតដដែលនេះក៏បានប​ន្តថយចុះអស់រយៈពេលពីរឆ្នាំបន្ទាប់មកទៀត ពោលគឺក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ខណៈដែលអ​ត្រា​មរណភាពក៏បានកើនឡើងខ្លាំងក្នុងអំឡុងឆ្នាំដូចគ្នានេះ។​

អ្វីដែលកាន់តែបារម្ភជាងនេះទៅទៀតនោះ អត្រាកំណើតរបស់ប្រទេសថៃមានត្រឹមតែ ០,៧៦% ក្នុងមួយឆ្នាំប៉ុណ្ណោះ ខណៈដែលមនុស្សវ័យជំទង់មានត្រឹមតែ ១,៣៣ភាគរយ នៃប្រជាជនសរុបប៉ុណ្ណោះ។​ គួរកត់សម្គាល់ថា តួលេខទាំងនេះគឺធ្លាក់ចុះយ៉ាងខ្លាំងបើធៀបទៅនឹងកំណើនប្រជាជនដែលធ្លាប់បានកើនឡើងខ្លាំងនៅចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៨៣។​

ក្រុមអ្នកស្រាវជ្រាវបានប្រាប់ឱ្យដឹងថា មានកត្តាជាច្រើនដែលរួមចំណែកដល់និន្នាការនៃការធ្លាក់ចុះចំ​នួ​នប្រជាជននេះ ក្នុងនោះរួមមានដូចជា ជំងឺរាតត្បាត និងបញ្ហាហិរញ្ញវត្ថុរបស់ពួកគេផ្ទាល់តែម្ដង។ រីឯនិ​ន្នាការ​ថ្មីមួយទៀតនោះគឺ ​អ្នក​ខ្លះ​ជ្រើសរើស​ថានឹងមិនយក​កូន ​ដែលការណ៍នេះ​កំពុង​មាន​ឥទ្ធិពល​លើ​​អ​ត្រាកំណើនប្រជាជនថៃយ៉ាងខ្លាំង។​

មជ្ឈមណ្ឌលស្រាវជ្រាវ KResearch ក៏បានលើកឡើងដែរថា ៖ «វាអាចជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសថៃ ក្នុងការដែលត្រូវផ្តោតតែលើវិធីសាស្រ្តធ្វើយ៉ាងណាឱ្យមានកំណើនចំនួនប្រជាជនឡើងវិញ ព្រោះវាអាចប៉ះពាល់មិនត្រឹមតែអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ទៅដល់គោលនយោបាយសាធារណៈទៀតផង»។​

មជ្ឈមណ្ឌលស្រាវជ្រាវដដែលបានបញ្ជាក់បន្ថែមថា អាជីវកម្មកំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាកមែនទែន ដោយសារចំនួនប្រជាជនកំពុងធ្លាក់ចុះ នេះមានន័យថា ពួកគេមិនសូវមានអតិថិជនដែលមានសក្តានុពលច្រើននោះទេ។ អាស្រ័យហេតុនេះ អាជីវកម្មត្រូវកំណត់គោលដៅអ្នកដែលមានលទ្ធភាពច្រើនក្នុងការទិញទំនិញ ឬសេវាកម្ម ដើម្បីរកប្រាក់ចំណូល។​

មិនត្រឹមតែប៉ុណ្ណោះ អាជីវកម្មក៏ត្រូវផ្លាស់ប្តូរប្រភេទផលិតផល ឬសេវាកម្ម ដើម្បីឱ្យមានភាពសមស្របចំពោះមនុស្សចាស់ ជាជាងមនុស្សវ័យជំទង់ ប៉ុន្តែមនុស្សវ័យចំណាស់ភាគច្រើនក៏កំពុងជួបវិបត្តិហិរញ្ញវត្ថុទៀត ជាពិសេសក្នុងបរិបទនៃទីផ្សារពិភពលោកដែលមនុស្សវ័យចំណាស់កំពុងកើនឡើងខ្លាំង។​

មជ្ឈមណ្ឌល KResearch ក៏បានរំលេចដែរថា ទាក់ទងនឹងបញ្ហានៃការថយចុះចំនួនប្រជាជន បានក្លាយជាបញ្ហាប្រឈមមួយទៀតសម្រាប់រដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយដែលមានការប្រ​កួតប្រជែងខ្លាំងជាមួយប្រទេសក្នុងតំបន់ និងផែនការសុខុមាលភាពសង្គម៕​

ប្រែសម្រួល៖ធា សុណា

ads banner