ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ តែងបានប្តេជ្ញាកសាងសាលារៀនឱ្យបានកៀកជិតទៅនឹងមូលដ្ឋាននៅទូទាំងប្រទេស
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងរយៈកាលកន្លងមកនេះ សម្តេចតេជោ តែងបានប្តេជ្ញាកសាងសាលារៀនឱ្យបានកៀកជិតទៅនឹងមូលដ្ឋាននៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈឱ្យកូនចៅប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សជានារីឱ្យទទួលបានឱកាសសិក្សារៀនសូត្រ ដោយពុំចាំបាច់ធ្វើដំណើរផ្លាស់ទីទៅឆ្ងាយ។ ជាក់ស្តែង ក្នុងស្រុកស្ទឹងត្រង់នេះផ្ទាល់ មានសមិទ្ធផលអគារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ចំនួន៦៥ខ្នង ស្មើនឹង៤៦០បន្ទប់ សម្រាប់ការសិក្សារៀនសូត្ររបស់កូនចៅរបស់ប្រជាពលរដ្ឋ ដែលនឹងផ្តល់នូវផលផ្លែផ្កាសម្រាប់បុគ្គល គ្រួសារ និងសង្គម។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធនានានៅសាលាបឋមសិក្សា-អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដងក្តារ អគារសម្ពពនៃមណ្ឌលសុខភាពដងក្តារ និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ស្ថិតក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណប្រជាពលរដ្ឋនៅក្នុងស្រុកស្ទឹងត្រង់ ក៏ដូចជាក្នុងខេត្តកំពង់ចាមទាំងមូល ដែលតែងជឿជាក់លើរាជរដ្ឋាភិបាលក្រោមដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្តី្រ ជាពិសេស តាមរយៈការទទួលចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងប្រទេសជាតិទាំងមូល។ សក្ខីភាពនេះបានបង្ហាញថា ប្រជាពលរដ្ឋយើងនៅតែគាំទ្រ និងផ្តល់ទំនុកចិត្តចំពោះ សម្តេចតេជោ ក្នុងការដឹកនាំការពារ និងសង្គ្រោះអាយុជីវិតនៅគ្រប់ដំណាក់កាលលំបាកបំផុត ជាពិសេសនៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងកូវីដ-១៩ កន្លងមកនេះ។ សម្តេចតេជោ បានបង្ហាញនូវភាពជាអ្នកដឹកនាំដ៏គួរស្ញប់ស្ញែង តាមរយៈចក្ខុវិស័យដ៏វែងឆ្ងាយ យុទ្ធសាស្ត្រច្បាស់លាស់ និងភាពអារកាត់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាល ការពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ និងជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារនៅទូទាំងប្រទេស ហើយនៅក្នុងដំណាក់កាលនីមួយៗនេះ គឺអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន ត្រូវបានតម្កល់ជាកត្តាអាទិភាពចម្បងបំផុត។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសូមសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលជាច្រើនជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាននិងកំពុងកើតមានឡើងនៅក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់ រួមមាន៖
-អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង២៤បន្ទប់ អគារទីចាត់ការ១ ខ្នង ស្មើនឹង៣បន្ទប់ និងអគារសម្រាប់គ្រូបង្រៀនស្នាក់នៅ១ ខ្នង ស្មើនឹង៤បន្ទប់ ក្នុងសាលាបឋមសិក្សា-អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដងក្តារ
-អគារសម្ភព ១ខ្នង និងការជួសជុលអគារមួយចំនួនក្នុងមណ្ឌលសុខភាពដងក្តារ
-ការបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ ខ្សែ ប្រវែង៣.០០០ ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត