អគ្គលេខាធិការ គ.ជ.ប៖ ដើម្បីធានាឱ្យការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតប្រព្រឹត្តតាមច្បាប់ ចាំបាច់ត្រូវតែមានការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពរបស់មន្រ្តីបោះឆ្នោត និងភាគីពាក់ព័ន្ធ
ភ្នំពេញ៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ដើម្បីធានាឱ្យការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាចប្រព្រឹត្តទៅបានស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធី និងដោយរលូន ព្រមទាំងមានប្រសិទ្ធភាពខ្ពស់ ចាំបាច់ត្រូវតែមានការបណ្តុះបណ្តាល បំពាក់បំប៉ន ដើម្បីពង្រឹងសមត្ថភាពរបស់មន្រ្តីបោះឆ្នោត និងភាគីពាក់ព័ន្ធឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីបទប្បញ្ញត្តិនៃច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងបច្ចេកទេសក្នុងការរៀបចំបញ្ជីបេក្ខជន និងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ តាមកម្មវិធីកុំព្យូទ័រ និងដោយដៃ។ វគ្គបណ្តុះបណ្តាលលើកនេះ មានលក្ខណៈខុសប្លែកពីវគ្គបណ្ដុះបណ្ដាលមុនៗ ដោយនាពេលនេះ យើងធ្វើការបណ្ដុះបណ្ដាលទាំងនីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត រួមទាំងការបង្ហាញការអនុវត្ត ជាពិសេសគឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងការរៀបចំបញ្ជីបេក្ខជនដើម្បីជាជំនួយ ដល់គណបក្សនយោបាយ ក៏ដូចជាមន្រ្តីបោះឆ្នោត។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប។
ឯកឧត្តម ទេព នីថា បានថ្លែងថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាលរបស់នាយកដ្ឋានជំនាញ ឃើញថា សិក្ខាកាមទាំងអស់មានការយល់ដឹងខ្ពស់អំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមរយៈការលើកជាសំណួរផ្សេងៗ ហើយគ្រូឧទ្ទេសក៏បានធ្វើការឆ្លើយបំភ្លឺជូនក្នុងកម្រិតសមត្ថកិច្ចរបស់គាត់រួចហើយដែរ។ កត្តានេះនឹងបង្ហាញពីលទ្ធផលជាវិជ្ជមានសម្រាប់មន្រ្តីបោះឆ្នោត ក៏ដូចជាគណបក្សនយោបាយដែលមានភារកិច្ចត្រូវអនុវត្តការងារនេះនាពេលខាងមុខដ៏ខ្លី។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីបន្ថែមទៀត ហើយយកទៅអនុវត្តការងារចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនេះ ឱ្យប្រព្រឹត្តទៅទទួលបាននូវលទ្ធផលល្អប្រសើរ និងមានភាពត្រឹមត្រូវ។
ឯកឧត្តម ទេព នីថា បានបញ្ជាក់ថា ទោះបីជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មានសភាពធូរស្រាលយ៉ាងណាក្តី ក៏សូមបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់ ដោយគោរពតាមវិធានការចាំបាច់នានាទាក់ទងនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
សូមជម្រាបថា ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ ដើម្បីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពី គណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរ ឈ្មោះមក គ.ជ.ប ដោយត្រូវបំពេញពាក្យសុំចុះបញ្ជី តាមទម្រង់បែបបទលេខ ១០០៨ ដែល កំ ណត់ ដោយ គ.ជ.ប ចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣
ដោយ៖ពលជ័យ
រូបភាព៖គជប