ប្រមុខការទូតអាមេរិក ៖ សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន គឺរឹងមាំដូចដែកថែប

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ថ្លែងថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះហ្វីលីពីន គឺរឹងមាំដូចដែកថែប ហើយថា ជនជាតិអាមេរិកបានធ្វើការជាច្រើនទសវត្សរ៍ជាមួយដៃគូរបស់ខ្លួន ដើម្បីលើកកម្ពស់សន្តិភាពនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អេនរីហ្គេ ម៉ាណាឡូ និងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ខាលីតូ ហ្គាវេស ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១១ ខែមេសានេះ ដើម្បីស្វែងយល់ពីអ្វីដែលពួកលោកអាចធ្វើបានបន្ថែមទៀត សំដៅពង្រឹងសន្តិសុខ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានរួមគ្នា លោក អូស្ទីន បាននិយាយថា សហរដ្ឋអាមេរិក និងហ្វីលីពីនត្រូវបានចងភ្ជាប់ដោយចក្ខុវិស័យរួមសម្រាប់អនាគត ដែលជាចក្ខុវិស័យមួយ ដែលត្រូវបានបោះយុថ្កានៅក្នុងនីតិរដ្ឋ និងសេរីភាពនៃការធ្វើនាវាចរណ៍លើដែនសមុទ្រ។ លោក ហ្គាវេស បាននិយាយថា យើងបានយល់ព្រម ក្នុងការស្វែងរកផ្នែកថ្មីនៃកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យស៊ីជម្រៅភាពជាដៃគូដែលមានស្រាប់របស់យើង នៅក្នុងវិស័យសំខាន់ៗ ដូចជាការការពារគ្នាទៅវិញទៅមក, សន្តិសុខដែនសមុទ្រ និងការស៊ើបការណ៍ផ្នែកព័ត៌មាន។

ប្រមុខការពារជាតិហ្វីលីពីនរូបនេះបន្ថែមថា ប្រទេសទាំងពីរនឹងគូសផែនទីបង្ហាញផ្លូវ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលពី ៥ ទៅ ១០ឆ្នាំខាងមុខនេះ និងថា អាមេរិក-ហ្វីលីពីនបានត្រៀមខ្លួនជាស្រេច សម្រាប់វិបត្តិនាពេលអនាគត ហើយបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឱ្យទាហានអាមេរិកប្រើប្រាស់មូលដ្ឋានចំនួន៥ ក្នុងប្រទេសហ្វីលីពីន។ មិនតែប៉ុណ្ណោះ កងទ័ពអាមេរិកក៏នឹងមានលទ្ធភាពចូលទៅកាន់មូលដ្ឋានចំនួន ៤ទៀតក្នុងពេលឆាប់ៗនេះផងដែរ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner