ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញសួរសុខទុក្ខ ឯកឧត្តមនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត ដល់គេហដ្ឋាននៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរយើងនាពេលខាងមុខនេះ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បានសួរសុខទុក្ខ ឯកឧត្តមនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងការពារជាតិ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត និងលោកជំទាវ មានប្រសាសន៍ថា “គ្រួសារយើងខ្ញុំមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បាន លើកទឹកចិត្តដល់យុវជនគណបក្សថ្នាក់កណ្តាលទាំងអស់ត្រូវរួបរួមសាមគ្គី ឯកភាពឱ្យបានរឹងមាំ មិនរើសអើង និងជួយគ្នាគ្រប់កាលៈទេសៈ ត្រូវមានមនសិការជាតិ ពង្រឹងឆន្ទៈសេ្នហាជាតិ ឯកភាពជាតិ ត្រូវ ពង្រីក សមត្ថភាព បង្កើនចំណេះដឹង ចំណេះធ្វើ រិះរកបទពិសោធន៍ឱ្យកាន់តែ មានប្រសិទ្ធភាព ។
ឯកឧត្តមប្រធានប្រតិភូ បានសម្តែងនូវការកោតសរសើរ ចំពោះវិរភាពដ៏អង់អាចក្លាហាន បានចេញទៅប្រទេសវៀតណាមនៅខែកុម្ភៈ ឆ្នាំ១៩៧៤ បានផ្ទេរមកអង្គភាពកងពលធំលេខ៤៧៨ នៅខែវិច្ឆិកា ឆ្នាំ១៩៧៨ បានរៀបចំនិងបានចូលរួមកម្លាំងចលនាតស៊ូរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ វាយរំដោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ៧មករា ១៩៧៩ ហើយទទួលដំណែងជាបន្តបន្ទាប់ ជាអនុប្រធានស្នងការចាត់តាំងនិងកម្មាភិបាលកងទ័ព ជាអនុព័ន្ធយោធាអមស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ជាប្រធានអគ្គស្នងការនយោបាយ ជាប់ឆ្នោតជាសមាជិកមជ្ឈិមបក្សប្រជាជនបដិវត្តកម្ពុជា ជាប់ឆ្នោតជាសមាជិកគណៈត្រួតពិនិត្យមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ទីប្រឹក្សាសម្តេចធម្មពោធិសាល ជា ស៊ីម ប្រតិបត្តិករអនុវត្តនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ទីប្រឹក្សាក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ រហូតមកដល់បច្ចុប្បន្ន។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ចាយ បូរិន ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត ផងដែរ ។ ដោយ ហេង សម្បត្តិ