ប្រមុខអង្គការសហប្រជាជាតិអំពាវនាវស្វែងរកជំនួយសម្រាប់ជួយដល់ប្រទេសសូម៉ាលី

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អានតូនីញូ ហ្គូតឺរ៉េស(Antonio Guterres) កាលពីថ្ងៃអង្គារនេះ បានធ្វើការអំពាវនាវស្វែងរកជំនួយមនុស្សធម៍ដើម្បីជួយទ្រទ្រង់ប្រទេសសូម៉ាលីដែលកំពុងជួបប្រទះនូវគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ 

នាដំណើរទស្សនកិច្ចទៅកាន់ប្រទេសសូម៉ាលី លោក Guterres បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសនេះស្ថិតនៅក្នុងគ្រាអាសន្ន ដែលត្រូវការជំនួយបរទេសដើម្បីជួយប្រជាជនទាំងជាង៨លាន៣ សែននាក់។

ប្រទេសសូម៉ាលីបានជួបប្រទះគ្រោះរាំងស្ងួតអស់ពេលជាងបួនទសវត្សរ៍មកហើយ។គ្រោះធម្មជាតិនេះ បានបំផ្លាញជីវិតសត្វ ដំណាំ និងបង្ខំឱ្យប្រជាជនរាប់លាននាក់លាននាក់ចាកចេញពីគេហដ្ឋាន ដើម្បីធ្វើដំណើរទៅស្វែងរកអាហារ និងទឹកទ្រទ្រង់ជីវិត។ បន្ថែមលើបញ្ហានេះទៀត ភ្លៀងធ្លាក់តាមរដូវកាលពីខែមីនា បានបង្ករអោយមានទឹកជំនន់លិចលង់ សម្លាប់មនុស្សអស់ ២១ នាក់ នឹង ១០០ ០០០ នាក់ផ្សេងទៀតជម្លៀស។

ប្រទេសូម៉ាលីកំពុងជួបប្រទះនូវវិបត្តិខាងផ្នែកមនុស្សធម៌ និងការវាយលុកពីក្រុមភេវរកម្មអាហ្រ្វិកខាងកើតរបស់អាល់កៃដា ក្រុម al-shabab ដែលនាំឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើសន្តិសុខប្រទេស។

លោក Guterres បានលើកឡើងថា៖ « ខ្ញុំជឿថាប្រជាជនសូម៉ាលីនឹងអាចយកឈ្នះរាល់បញ្ហាដែលពួកគេកំពុងប្រឈមមុខតាមរយៈការរំដោះប្រទេស និងការផ្សះផ្សាជាតិ»។ 

សូមបញ្ជាក់ឱ្យដឹងផងដែរថា កន្លងមកអង្គការសហប្រជាជាតិបានបើកការអំពាវនាវរៃអង្គាសជំនួយមនុស្សធម៏ ចំនួន ២.៦ ពាន់លានដុល្លារ ប៉ុន្តែមូលនិធិដែលទទួលបានមានតែ ១៥ ភាគរយប៉ុណ្ណោះ ដោយសារសហគមន៏អន្តរជាតិលែងសូវខ្វល់ខ្វាយនិងបញ្ហារបស់ប្រជាជនសូម៉ាលី ។

កាលពីឆ្នាំ ២០១១ ប្រទេសសូម៉ាលីជួបប្រទះគ្រោះទុរ្ភិក្សដែលបានសម្លាប់មនុស្សអស់ជាង ២៦០ ០០០ នាក់ ។កាលពីខែមីនា ឆ្នាំមុនរដ្ឋាភិបាលសូម៉ាលី និងអង្គការសហប្រជាជាតិចេញផ្សាយរបាយការណ៏មួយថា អ្នកស្លាប់មានចំនួនដល់ទៅ ៤៣ ០០០ នាក់ ដែលពាក់កណ្តាលនៃចំនួននេះ សុទ្ធសឹងតែជាកុមារមានអាយុក្រោម ៥ ឆ្នាំ៕

ដោយ: ឡេង អារីតា

ads banner