ប្រមុខការទូត G7 ទាមទារឱ្យកងកម្លាំងរុស្ស៊ីដកខ្លួនចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ

តូក្យូ៖ សារព័ត៌មាន NHK របស់ប្រទេសជប៉ុន បានរាយការណ៍ថា សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយរដ្ឋមន្ត្រីការបរទេសក្រុមប្រទេស G7 បានទាមទារឱ្យរុស្ស៊ីដកកងកម្លាំងរបស់ខ្លួនចេញពីទឹកដីប្រទេសអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

រដ្ឋមន្ត្រីការបរទេស G7 គ្រោងនឹងជួបប្រជុំគ្នាចាប់ពីថ្ងៃទី១៦ ខែមេសាខាងមុខនេះ នៅទីក្រុងការូអ៊ីហ្សាវ៉ា ខេត្តណាហ្គាណូ ភាគកណ្តាលប្រទេសជប៉ុន ដោយសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍របស់ប្រមុខការទូត G7 មានគោលបំណងអនុម័តការថ្កោលទោសប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត។

សេចក្តីព្រាងនេះដែរ បានបញ្ជាក់ថា មេដឹកនាំ G7 នៅតែប្តេជ្ញាបន្តគាំទ្រអ៊ុយក្រែន ដរាបណាអ៊ុយក្រែននៅតែត្រូវការ។ បន្ថែមលើនេះ មេដឹកនាំ G7 ក៏បានអំពាវនាវដល់ភាគីទីបី ឱ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធ និងជំនួយផ្សេងទៀត ជួយដល់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដើម្បីបិទចន្លោះប្រហោងក្នុងកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មលើរុស្ស៊ី។

សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ទៀតថា ក្រុមរដ្ឋមន្ត្រីនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពនៅសមុទ្រចិនខាងកើត និងខាងត្បូង ហើយប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងឯកតោភាគីណាមួយដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងយោធា ឬការបង្ខិតបង្ខំ។

សេចក្តីព្រាងនេះទៀតសោត ក៏បញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ ដោយជំរុញឱ្យប្រទេសចិនធ្វើសកម្មភាពស្របតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងកុងស៊ុល៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner