មន្រ្តីការពារជាតិជប៉ុន អាមេរិក និងកូរ៉េខាងត្បូង នឹងជួបពិភាក្សាគ្នាពីបញ្ហាកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងនាសប្តាហ៍នេះ

វ៉ាស៊ីនតោន៖ មន្ត្រីការពារជាតិជាន់ខ្ពស់មកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រទី១៤ ខែមេសានេះ ដើម្បីពិភាក្សាអំពីការឆ្លើយតបចំពោះកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

ក្រសួងការពារជាតិជប៉ុនបានបញ្ជាក់នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះថា កិច្ចពិភាក្សាកម្រិតការងារនឹងត្រូវធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ដោយអគ្គនាយកនៃក្រសួងការពារជាតិជប៉ុន លោក ម៉ាស៊ូដា កាហ្ស៊ូអូ, ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក លោក អែលលី រ៉េតណឺ និងអនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយការពារជាតិកូរ៉េខាងត្បូង លោក ហេអូ តេគុន នឹងចូលរួមកិច្ចប្រជុំនេះ។

របៀបវារៈនៃកិច្ចពិភាក្សានេះ មានដូចជាការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង, បញ្ហាសន្តិសុខផ្សេងទៀតនៅក្នុងតំបន់ និងវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការការការពារជាតិត្រីភាគី។
គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននឹងកំពុងប្រកាន់គោលជំហរប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

បើតាមប្រធានខុទ្ទកាល័យនាយករដ្ឋមន្រ្តីជប៉ុន លោក ម៉ាត់ស៊ូណូ ហ៊ីរ៉ូកាហ្ស៊ូ បាននិយាយថា រដ្ឋាភិបាលជប៉ុនជឿជាក់ថា កូរ៉េខាងជើងអាចនឹងធ្វើសកម្មភាពបង្កហេតុបន្ថែមទៀត៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner