សម្តេចតេជោ ហ៊ុន សែន៖ ផ្តល់អនុសាសន៍មួយចំនួន សម្រាប់ក្រសួងអប់រំ បន្តអនុវត្តទៅពេលខាងមុខ និងជំរុញឱ្យបន្តលើកកម្ពស់សុខភាពអនាម័យ នៅតាមគ្រឹះស្ថានសិក្សា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍មួយចំនួន សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា បន្តអនុវត្តទៅពេលខាងមុខ, ក្នុងនោះរួមទាំងផ្ដល់អនុសាសន៍ជំរុញឱ្យ បន្តលើកកម្ពស់សុខភាពអនាម័យ នៅតាមគ្រឹះស្ថានសិក្សា។ ការថ្លែងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងទិសដៅឆ្នាំសិក្សា ២០២២-២០២៣ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ។

អនុសាសន៍បន្ថែមចំនួន ៦ចំណុច របស់សម្តេចតេជោ ហ៊ុន សែន រួមមាន៖

ទី១- បន្តពង្រឹង និងអភិវឌ្ឍវិស័យអប់រំឲ្យកាន់តែមានភាពបុរេសកម្មទំនើប និងឆ្លើយតបទៅនឹងព្រឹត្ដិការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ជាពិសេសត្រូវខិតខំរិះរកវិធានការដែលមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅគ្រប់កម្រិត ។

ទី២- ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្ត្រីអប់រំឲ្យបានពេញលេញ និងភាពរស់រវើក និងប្រទាក់ក្រឡាគ្នា ព្រមទាំងការកែទម្រង់គ្រឹះស្ថាន ផែនការអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់បុគ្គលិកអប់រំ និងគ្រូបង្រៀន ។

ទី៣- បន្តការអភិវឌ្ឍការអប់រំឌីជីថលសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងបរិការណ៍សង្គមសេដ្ឋកិច្ចឌីជីថល ដោយត្រូវធ្វើសមាហរណកម្មវិស័យបច្ចេកវិទ្យាទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិតអប់រំ បំពាក់បន្ទប់ពិសោធន៍ឌីជីថល តភ្ជាប់បណ្ដាញអគ្គិសនី និងអ៊ីនធឺណិតនៅតាមគ្រឹះស្ថានសិក្សា និងលើកកម្ពស់គុណវឌ្ឍន៍ និងជំរុញឌីជីថលដល់គ្រូបង្រៀន និងកែលម្អមាតិកាឌីជីថល និងការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកាឌីជីថលឱ្យកាន់តែទូលំទូលាយ ។

ទី៤- អនុវត្តឲ្យកាន់តែសកម្មលើការងារអភិវឌ្ឍយុវជន ដើម្បីឲ្យកុមារ និងយុវជនមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់ នូវទង្វើអវិជ្ជមាន តាមរយៈការបំផុសចលនាកូនល្អ សិស្សល្អ មិត្តល្អពលរដ្ឋល្អ ។ ជាមួយគ្នានេះត្រូវជំរុញលើកទឹកចិត្តឲ្យបន្តកម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ព្រមទាំងបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងជំនាញដល់យុវជន ដើម្បីឆ្លើយតបទៅនឹងឱកាសការងារ និងភាពរឹងមាំ នៃកោសិកាសង្គម ។

ទី៥- បន្តលើកកម្ពស់វិស័យកីឡា ដើម្បីឱ្យមានសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានស្មារតីជាក្រុម គំនិតច្នៃប្រឌិតនិងមានការតស៊ូស្វិតស្វាញ សំដៅបានលទ្ធផលល្អក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិ ជំរុញយុវជនឲ្យចេះលេងកីឡាមួយយ៉ាងតិចនៅក្នុងជីវិត ។

ទី៦- បន្តលើកកម្ពស់សុវត្ថិភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា វិធានការណ៍ឆ្លើយតបនឹងចូលរួមទប់ស្កាត់ បង្កើនការអប់រំសុវត្ថិភាពសុខភាពសិក្សា សុវត្ថិភាពដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ៕

សន្និបាតអប់រំនៅឆ្នាំនេះ បានសម្រិតសម្រាំងខ្លឹមសារ និងជ្រើសរើសយកប្រធានបទសំខាន់ៗចំនួន១១ រួមមាន៖ ទី១) ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣, ទី២) ការគាំពារ និងការអភិវឌ្ឍកុមារតូចតាមគ្រប់រូបភាព, ទី៣) វិធានការស្តារការខាតបង់ការសិក្សាក្រោយការរីករាលដាលជំងឺកូវីដ១៩, ទី៤) ការអប់រំបរិស្ថានបៃតង, ទី៥) កំណែទម្រង់សាលារៀន, ទី៦) កំណែទម្រង់សាលាគរុកោសល្យ, ទី៧) ការគ្រប់គ្រងការផ្លាស់ប្តូរនៅក្នុងស្ថាប័ន, ទី៨) ការផ្សារភ្ជាប់មធ្យមសិក្សានឹងឧត្តមសិក្សា, ទី៩) អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរ និងការសិក្សាបន្ត, ទី១០)បំណិនសតវត្សរ៍ទី២១សម្រាប់យុវជន, និងទី១១) ការលើកកម្ពស់សុខភាពសិក្សា ៕ អត្ថបទ៖ ស៊ូវណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner