សម្តេចតេជោ ហ៊ុន សែន ជម្រុញការអភិវឌ្ឍប្រព័ន្ធអប់រំ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងជម្រុញការពង្រឹង និងការអភិវឌ្ឍប្រព័ន្ធអប់រំរបស់កម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត ខណៈដែលការអប់រំបណ្តុះបណ្តាលធនធានមនុស្ស គឺជាគន្លឹះដែលបាននិងកំពុងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន។

ប្រសាសន៍ជម្រុញការអភិវឌ្ឍវិស័យអប់រំនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ របស់ក្រសួងអប់រំ យុវជន និងកីឡា និងការលើកទិសដៅថ្មីសម្រាប់អនាគត។ ប្រសាសន៍ជម្រុញការអភិវឌ្ឍវិស័យអប់រំនេះ បានធ្វើក្នុងសុន្ទរកថាដាក់ចេញនូវអនុសាសន៍ចំនួន៦ចំណុច។

វិស័យអប់រំរបស់កម្ពុជា បានរស់សាឡើងវិញដោយសារតែគុណរំដោះរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ សហការជាមួយកងកម្លាំងស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះប្រទេសន ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩នោះទេ, កម្ពុជាមិនអាចមានធនធានមនុស្សបន្តវេន ដូចបច្ចុប្បន្ននេះឡើយ។

បច្ចុប្បន្នកម្មវិធីអប់រំរបស់កម្ពុជាត្រូវបានកែទម្រង់បញ្ចូលបន្ថែមទៀត ដើម្បីដើរទាន់សម័យបច្ចេកវិទ្យាឌីជីថលទំនើប តាមគោលនយោបាយដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនលើការពង្រឹង និងជម្រុញការសិក្សាលើបច្ចេកវិទ្យាឌីជីថល។

បច្ចុប្បន្ននៅទូទាំងប្រទេស គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និងឯកជនមានចំនួន ១ម៉ឺន ៨ពាន់ ៤៣០គ្រឹះស្ថាន, ក្នុងនោះមត្តេយ្យសិក្សាសហគមន៍ ៣ពាន់ ៨៣កន្លែង, គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១ម៉ឺន ៣ពាន់ ៦៨១ និងគ្រឹះស្ថានសិក្សាឯកជន មានចំនួន ១ពាន់ ៦៦៦កន្លែង។

ads banner