មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២៣
វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករណ៍កំណើនសកលរបស់ខ្លួន មកនៅត្រឹម ២.៨ភាគរយសម្រាប់ឆ្នាំ ២០២៣ ពោលគឺធ្លាក់ចុះ ០.១ភាគរយ បើធៀបនឹងការព្យាករណ៍ពីមុននៅក្នុងខែមករាឆ្នាំនេះ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយរបាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់ខ្លួន នៅថ្ងៃទី១១ ខែមេសានេះ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករណ៍ថា នឹងសម្រេចបានត្រឹម ៣ភាគរយប៉ុណ្ណោះក្នុងឆ្នាំ ២០២៤។
អគ្គនាយកនៃនាយកដ្ឋានស្រាវជ្រាវរបស់ IMF លោក Pierre-Olivier Gourinchas បានប្រាប់អ្នកសារព័ត៌មានថា IMF បានព្រមានម្តងហើយម្តងទៀតអំពីផលប៉ះពាល់ពីការដំឡើងអត្រាការប្រាក់ និងវិធានការរឹតបន្តឹងរូបិយវត្ថុផ្សេងទៀត។
លោកថា ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុសកលខ្លាំង នឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើលក្ខខណ្ឌឥណទាន និងហិរញ្ញវត្ថុសាធារណៈ ជាពិសេសនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍។ បើតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទោះបីជាអត្រាការកើនឡើងតម្លៃជាទូទៅស្ថិតក្នុងនិន្នាការធ្លាក់ចុះជាសកលក៏ដោយ ក៏អតិផរណានៅតែមានកម្រិតខ្ពស់ដដែល។
របាយការណ៍ដដែលនេះ ក៏បានលើកឡើងពីភាពចលាចលក្នុងវិស័យហិរញ្ញវត្ថុនាពេលថ្មីៗនេះ រួមទាំងការបរាជ័យរបស់ធនាគារអាមេរិក ហើយរបាយការណ៍នេះក៏បានព្រមានផងដែរថា ការបរាជ័យដែលអាចកើតមានកាន់តែច្រើននៅក្នុងវិស័យធនាគារ អាចនឹងជះឥទ្ធិពលធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចពិភពលោក៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា