ប្រទេសចំនួនប្រាំ ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតដល់និស្សិត និងមន្រ្តីរាជការកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រទេសធំៗចំនួនប្រាំបានផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត មន្រ្តីរាជការ បុគ្គលិកអង្គការ និងបុគ្គលិកក្រុមហ៊ុននៅប្រទេសកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្នុងនោះមានប្រ​ទេ​សចិន ប្រទេសឥណ្ឌូនេស៊ី ប្រទេសអូស្រ្តាលី ប្រទេសថៃ និងប្រទេសព្រុយណេ សម្រាប់ឆ្នាំ​សិក្សា ២​០២៣-២០២៤។ ​

ការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសទាំង៥ ក្នុងឆ្នាំសិ​ក្សា ២០២៣-២០២៤ នេះត្រូវបាន​ក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹង​​កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។​

​ក្រោមកម្មវិធីអាហារូបករណ៍របស់ MOFCOM សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងដល់មន្ត្រីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (រយៈពេល១-៣ឆ្នាំ) នឹងថ្នាក់បណ្ឌិត (រយៈពេល ៣ឆ្នាំ) លើមុខជំនាញជាច្រើន នៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំ២០២៣។ អាហារូបករណ៍នេះ រួមមាន ការរាប់រយថ្លៃសិក្សា កន្លែងស្នាក់នៅ ការធ្វើដំណើរកម្ពុជាទៅ​កាន់សាធារណរដ្ឋប្រជាមានិតចិន និងអត្ថប្រយោជន៍ផ្សេងៗ។​​

ទន្ទឹមគ្នានេះដែរ​ប្រទេសឥណ្ឌូនេស៊ី ក៏បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំ២០២៣ (Non-Aligned Movement Scholarship 2023 ) ដល់សិស្ស និស្សិត មន្រ្តីរាជការ បុ​គ្គលិ​កអង្គការ និងបុគ្គលិកក្រុមហ៊ុននៅប្រទេសកម្ពុជាជាច្រើនរូប​ផងដែរ ខណៈអាហារូបករណ៍នេះនឹងត្រូវសិក្សានៅសកលវិទ្យាល័យ Universitas Gadjah Mada ទីក្រុង Yogya karta ប្រទេសឥណ្ឌូនេស៊ី​។​

មិនសូវខុសគ្នាប៉ុន្មានដែរសម្រាប់ប្រទេសថៃវិញ ​ក៏បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២រូប លើកម្មវិធី «Boon Rawd Scholarship 2023” សិក្សានៅសកលវិទ្យាល័យ Mae Fah Luang ខេត្ដឈៀងរ៉ៃ ប្រទេស​ថៃ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

​អាហារូបករណ៍នេះ នឹងផ្តល់ជូននិស្សិតកម្ពុជានូវថ្លៃសិក្សា ថ្លៃជួលអន្តេវាសិកដ្ឋាន ប្រាក់ឧបត្ថម្ភម្នាក់ ចំនួន ៦,០០០បាត ក្នុងមួយខែ និងការធានារ៉ាប់រងសុខភាពផងដែរ។អា​

លើសពីនេះ សម្រាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះដែរ ប្រទេសប្រ៊ុយណេ ក៏បានផ្តល់អាហារូបករណ៍ដល់សាធារណជនទាំងពីរភេទនៃប្រទេសកម្ពុជា​ សម្រាប់សិក្សា ២០២៣-២០២៤ នា​សាកលវិទ្យាល័យ Brunei Darussalam (UBD) ​លើមុខជំនាញ Public Policy and Management (MFPM) ដែលមានរយៈពេល ១២ខែ។

ចំណែកឯប្រទេសអូស្រ្តាលីវិញ​ក៏បានប្រកាសផ្តល់កម្មវិធីអាហារូបករណ៍ “Australia Awards Scholarship Intake 2024” របស់រដ្ឋាភិបាលអូស្រ្ដាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។ ​​

គួរបញ្ជាក់ដែរថា ​សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍លើអាហារូបករណ៍ក្នុង​ប្រទេស​ទាង​៥​នេះ អា​ច​ផ្ញើសំណុំឯកសារដែលបានបំពេញរួចហើយ មកការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋា​ន​​ទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍បាន​។

ពាក់ព័ន្ធនឹងការផ្តល់អាហាររូបករណ៍នេះដែរ លោក ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល Westline Education Group និងជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងថា ការផ្តល់អាហារូបករណ៍ពីប្រទេសខាងក្រៅពិតជាមានសារៈសំខាន់ ខណៈលោកក៏គាំទ្រឱ្យសិស្សនិស្សិតចាប់យកឱកាសសិក្សាតាមរយៈអាហារូបករណ៍ទាំងនេះ។

លោកក៏ជំរុញឱ្យសិស្សនិស្សិតកម្ពុជា គួរតែខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមដោយផ្តោតលើការពង្រឹ​ងភាសាអង់គ្លេស និងចំណេះដឹងទូទៅ ដើម្បីទទួលបានអាហារូបករណ៍ទាំងនេះ។​

លោកបានប្រាប់ថា ៖ «ការសិក្សានៅបរទេស ពិតជាមានសារៈសំខាន់ណាស់ សំរាប់អនាគតរបស់និស្សិតផ្ទាល់ ក៏ដូចជាសំរាប់ប្រទេសជាតិ ព្រោះសិស្សនិស្សិតអាចទទួលបាន បទពិសោធន៍ថ្មីៗ ក្នុងជីវិតប្រចាំថ្ងៃពីនិស្សិតដ៏ទៃ ចំណេះដឹងបន្ថែម លើមុខជំនាញរបស់គេ ពិសេសពីសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេសទាំងនោះ»។ ​

ទន្ទឹមនឹងការលើកឡើងនេះដែរ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក៏​បានចាត់ទុកថា ការបញ្ជូនសិស្សនិស្សិតទៅសិក្សានៅក្រៅប្រទេសគឺជារឿងសំខាន់ ដើម្បីសិក្សារៀនសូត្រ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រោះតាមរយៈធនធានមនុស្សទាំងនោះ នឹងត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេសជាតិវិញ។​

លោកថ្លែងថា ៖ «ទោះបីធនធាននិស្សិតទាំងនោះ រៀនចប់ត្រឡប់មក មិនថាចូលបម្រើការងាររដ្ឋ និងក្នុងវិស័​យឯកជនក៏ដោយសុទ្ធតែល្អ និងប្រយោជន៍ទាំងអស់ ព្រោះនិស្សិតទាំងនោះគឺជាធនធានមនុស្សដ៏កម្រ និង​សក្តានុពលរបស់កម្ពុជា»៕

ដោយ៖សែម ពិសី 

ads banner