ក្រសួងអប់រំកំណត់យកថ្ងៃទី​៦ ខែវិច្ឆិកា ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់សម័យ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ២០២២-២០២៣ នឹងធ្វើឡើងនៅថ្ងៃទី ៦វិច្ឆិកា និងបានចេញសេចក្តីណែនាំមួយចំនួនទៅកាន់នាយក នាយិកាគ្រឹះស្ថាន និងប្រធានមន្ទីរអប់រំរាជធានី-ខេត្ត ដើម្បីត្រៀមលក្ខណៈឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន​ បានចេញសេចក្តីណែនាំចុះថ្ងៃទី​១១ ខែមេសាមាន១៩ ទំព័រ ដែលទើបទទួលបាន បានឱ្យដឹងថា ការរៀបចំណែនាំនេះ ដើម្បីធានាគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម្រាប់ឆ្នាំ ២០២៣។

សេចក្តីណែនាំបន្តថា ចំពោះការទទួលពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងធ្វើឡើងនៅតាមវិទ្យាល័យ ដោយចាប់ពីថ្ងៃទី​០១ខែឧសភាដល់ថ្ងៃទី​៣១ខែឧសភា ឆ្នាំ ២០២៣។ ចំណែកសម័យប្រឡងត្រូវបានកំណត់យកថ្ងៃទី​០៦ ខែវិច្ឆិកា ។

ចំពោះបេក្ខភាពប្រឡង សិស្សសាលាមធ្យមចំណេះទូទៅសាធារណៈ និងឯកជនដែលអាចដាក់ពាក្យសុំឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបំពេញលក្ខខណ្ឌមួយចំនួនរួមមាន បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩) បានរៀនគ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សាទុតិយភូមិ បានរៀនចប់ថ្នាក់ទី​១២ និងត្រូវមានមធ្យមភាគពិន្ទុប្រចាំចាប់ពី ២៥.០០ ឡើងទៅ។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិត ហង់ជួន ណារ៉ុន  បានគូសបញ្ជាក់ថា៖« ដើម្បីពង្រឹងការគ្រប់គ្រងបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ នាយក នាយិកាគ្រឹះស្ថានមធ្យមសិក្សាត្រូវ បង្កើតក្រុមប្រឹក្សាវិន័យសិក្សា ដើម្បីប្រជុំវាយតម្លៃ និងសម្រេចលើបេក្ខភាពប្រឡងរបស់សិស្សថ្នាក់ ទី១២ ទាំងអស់នៅក្នុងគ្រឹះស្ថានសិក្សា»។

ជាមួយគ្នានេះ ដើម្បីឱ្យបញ្ចៀសបាននូវបាតុភាព និងភាពអសកម្មក្នុងការលុបបេក្ខភាព នៅតាមគ្រឹះស្ថានមធ្យមសិក្សា នាយក នាយិកាគ្រឹះស្ថានមធ្យមសិក្សាត្រូវ បើកការប្រជុំក្រុមប្រឹក្សាវិន័យសិក្សា ដោយមានកំណត់ហេតុប្រជុំ និងបញ្ជីវត្តមានច្បាស់លាស់ និងរួសរាន់បិទផ្សាយបញ្ជីដកបេក្ខភាពប្រឡង ដែលបានសម្រេចក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវិន័យសិក្សា នៅលើបញ្ចរព័ត៌មាននៅមុខទីចាត់ការសាលាប្រកបដោយស្មារតីទទួលខុសត្រូវមុននឹងបញ្ចូនមកក្រសួងតាមកាលកំណត់។ ចំពោះវិញ្ញាសារ​ទាំងអស់ត្រូវបានជ្រើសរើស តាក់តែងរៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។

ប្រភពខាងលើបន្តថា សម្រាប់ដំណើរការកំណែនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមមណ្ឌលកំណែប្រមូលផ្តុំរាជធានីភ្នំពេញ។ ចំពោះការប្រព្រឹត្តទៅនៃដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូរទ័រ និងផ្ទៀងផ្ទាត់ ចាប់ពីថ្ងៃទី​១៦ដល់ថ្ងៃទី​២៦ ខែវិច្ឆិកា។ ចំណែកការប្រកាសលទ្ធផលប្រឡង         ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី​ ខេត្ត ត្រូវចាត់តំណាងឱ្យមកទទួលយកបញ្ជីប្រកាសលទ្ធផលនៅនាយកដ្ឋានកិច្ចការប្រឡងនៅថ្ងៃទី ២៨ខែវិច្ឆិកា  ដើម្បីយកទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗនារសៀលថ្ងៃដដែល សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី​២៩ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។

ប្រភពដដែល បន្ថែមថា ៖«ប្រធានអង្គភាពថ្នាក់ជាតិ និងប្រធានមន្ទីរអប់រំ រាជ ធានី ខេត្ត ត្រូវធ្វើសំណើរ​សមាសភាពគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ជូនប្រធាននាយកដ្ឋានកិច្ចការប្រឡងដើម្បីដាក់ជូនរដ្ឋមន្រ្តីក្រសួងអប់រំ ពិនិត្យ និងសម្រេច»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាសកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ បានទទួលជួបជាមួយសិស្សនិទ្ទេស A ជាង ១ពាន់នាក់  ដោយបានបង្ហាញការពេញចិត្តចំពោះកំណែទម្រង់ប្រឡងបាក់ឌុបជិត១០ឆ្នាំមកនេះ។ ជាមួយគ្នានោះ លោក​បានលើកឡើងថា កំណែទម្រង់អប់រំនេះ គឺបានបញ្ចប់នូវវប្បធម៌អន្តរាគមន៍ និងប្រែក្លាយឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ។

សូមជម្រាបថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងជាប់មានចំនួន ៩០,៩៥០នាក់ ស្មើនឹងប្រមាណ ៧២.៣៣% ខណៈអ្នកធ្លាក់មានចំនួន ៣៧ ១៨៥នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន ១២៨ ១៣៥ នាក់៕ ដោយ៖សុខ រក្សា

ads banner