មេដឹកនាំកូរ៉េខាងជើង បញ្ជាឱ្យបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងតាមការគ្រោងទុក
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាងថា ការត្រៀមរៀបចំបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ប្រទេស គួរតែដំណើរការទៅមុខ ដើម្បីទប់ទល់នឹង ការគំរាមកំហែងពីសហរដ្ឋអាមេរិក និ ងកូរ៉េខាងត្បូង។ នេះបើតាមចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលផ្សាយបន្តពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ។
KCNA បានផ្សាយថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីភ្នាក់ងារអវកាសផ្លូវការកាលពីថ្ងៃអង្គារកន្លងមកនេះ លោក គីម បានប្រាប់ក្រុមមន្ត្រីឱ្យធានាថា ការបាញ់បង្ហោះបានដំណើរការទាន់ពេល ហើយថែមទាំងបានបញ្ជាឱ្យបាញ់បង្ហោះផ្កាយរណបចារកម្មបន្តបន្ទាប់ជាច្រើនបន្ថែមទៀតផងដែរ។
KCNA បន្តថា ការផលិតផ្កាយរណបត្រូវបានបញ្ចប់ហើយ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាវានឹងត្រូវបាញ់បង្ហោះនៅពេលណាជាក់លាក់នោះទេ។
លោក គីម បានថ្លែងថា វាគឺជារឿងធម្មតាសម្រាប់កូរ៉េខាងជើងក្នុងការអភិវឌ្ឍការទប់ទល់ផ្នែកយោធារបស់ខ្លួន ដោយបន្តរិះគន់ការដាក់ពង្រាយធនធានយុទ្ធសាស្ត្របម្រើឱ្យផ្នែកយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ថាជាការប៉ុនប៉ង «ប្រែក្លាយកូរ៉េខាងត្បូងទៅជាមូលដ្ឋានកម្រិតខ្ពស់ សម្រាប់ការឈ្លានពាន និងកន្លែងដាក់អាវុធធ្វើសង្គ្រាម»។
កន្លងមក ក្រុមអ្នកវិភាគបាននិយាយថា ផ្កាយរណបយោធាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើង ក្នុងការជំរុញបច្ចេកវិទ្យាឃ្លាំមើល រួមទាំងដ្រូន ដើម្បីកែលម្អសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារគោលដៅក្នុងករណីមានជម្លោះ។ កាលពីខែធ្នូ កូរ៉េខាងជើងបានធ្វើអ្វីដែលខ្លួនហៅថាជា «ដំណាក់កាលចុងក្រោយ» នៃការសាកល្បងផ្កាយរណបចារកម្មដ៏សំខាន់ ហើយបានគូសបញ្ជាក់ថា ខ្លួននឹងបញ្ចប់ការរៀបចំសម្រាប់ការបាញ់បង្ហោះនៅខែមេសា។
ជុំវិញបញ្ហានេះ ប្រធានខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បាននិយាយថា ទោះបីជាទីក្រុងព្យុងយ៉ាង ហៅវាថាជាផ្កាយរណបក៏ដោយ ការបាញ់បង្ហោះរបស់កូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាមីស៊ីលផ្លោង នឹងក្លាយជាការបំពានយ៉ាងច្បាស់លើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ភាពតានតឹងនៅឧបទ្វីបកូរ៉េនាពេលនេះកាន់តែកើនឡើងៗ នៅពេលកូរ៉េខាងខាងជើងបន្តបាញ់សាកល្បងមីស៊ីល និងអាវុធផ្សេងៗទៀតរបស់ខ្លួនកាន់តែញឹកញាប់ និងច្រើនទៅៗ រួមទាំងមីស៊ីលប្រភេទថ្មី គឺមីស៊ីលផ្លោងអន្តរទ្វីបដែលប្រើឥន្ធនៈរឹង(ICBM)។ ក្រុងព្យុងយ៉ាង បានព្រមានធ្វើសកម្មភាពជាក់ស្តែងលើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលធ្វើសមយុទ្ធក្នុងតំបន់ ដែលប្រទេសទាំង២អះអាងថាធ្វើឡើងដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ North Korean leader orders launch of first spy satellite as planned