មេដឹកនាំកូរ៉េខាងត្បូងបង្ហាញឆន្ទៈអំពីលទ្ធភាពដែលប្រទេសអាចផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊កយល បានថ្លែងថា កូរ៉េខាងត្បូងអាចនឹងបង្កើនការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែនលើសពីការផ្ដល់ជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច ប្រសិនបើរុស្ស៊ីធ្វើការវាយប្រហារជនស៊ីវិលទ្រង់ទ្រាយធំ ដែលនេះជាសញ្ញាបង្ហាញពីការផ្លាស់ប្ដូរជំហរប្រឆាំងនឹងការគាំទ្រផ្នែកយោធាចំពោះអ៊ុយក្រែនរបស់លោកជាលើកដំបូង។
លោក យូន ដែលគ្រោងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ បានថ្លែងយ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខមួយជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលចុះផ្សាយនៅថ្ងៃពុធ ទី ១៩ ខែមេសានេះ។
លោកនិយាយថា រដ្ឋាភិបាលរបស់លោក បាននិងកំពុងស្វែងរកវិធីជួយការពារ និងកសាងអ៊ុយក្រែនឡើងវិញ ដូចដែលកូរ៉េខាងត្បូងទទួលជំនួយអន្តរជាតិក្នុងអំឡុងសង្គ្រាមកូរ៉េចន្លោះឆ្នាំ ១៩៥០-១៩៥៣។
លោក យូន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើមានស្ថានភាពដែលសហគមន៍អន្តរជាតិមិនអាចអត់ឱនបាន ដូចជាការវាយប្រហារទ្រង់ទ្រាយធំណាមួយលើជនស៊ីវិល ការសម្លាប់រង្គាល ឬការរំលោភបំពានធ្ងន់ធ្ងរនៃច្បាប់សង្រ្គាម វាប្រហែលជាពិបាកសម្រាប់ពួកយើងក្នុងការជួយតែជំនួយមនុស្សធម៌ ឬផ្នែកហិរញ្ញវត្ថុ»។
គួរឱ្យកត់សម្គាល់ថា នេះជាលើកទីមួយហើយ ដែលកូរ៉េខាងត្បូងបង្ហាញពីឆន្ទៈក្នុងការផ្ដល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន ពោលគឺរយៈពេលជាងមួយឆ្នាំបន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែនទូទាំងប្រទេសនៅចុងខែកុម្ភៈឆ្នាំមុន។ ការបង្ហាញឆន្ទៈបែបនេះ ធ្វើឡើងខណៈដែលភាពតានតឹងជាមួយកូរ៉េខាងជើងកាន់តែកើនឡើងទៅៗ តាមការរយៈការសាកល្បងអាវុធរបស់ក្រុងព្យ៉ុងយ៉ាង។
កន្លងមក កូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងជាអ្នកផលិតគ្រាប់រំសេវកាំភ្លើងធំសំខាន់មួយ បានព្យាយាមជៀសវាងការបង្កជម្លោះជាមួយរុស្ស៊ី ដោយសារតែទំនាក់ទំនងសេដ្ឋកិច្ច និងឥទ្ធិពលរបស់ទីក្រុងមូស្គូលើកូរ៉េខាងជើង បើទោះបីជាមានសម្ពាធកាន់តែខ្លាំងពីបណ្តាប្រទេសលោកខាងលិចឱ្យក្រុងព្យ៉ុងយ៉ាងធ្វើការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនក៏ដោយ។
យ៉ាងណាមិញ លោក យូន បានថ្លែងបន្តទៀតប្រាប់រ៉យទ័រថា៖ «ខ្ញុំជឿថា វានឹងមិនមានដែនកំណត់ចំពោះវិសាលភាពនៃការគាំទ្រដើម្បីការពារ និងស្ដារប្រទេស ដែលរងការឈ្លានពានដោយខុសច្បាប់ទាំងនៅក្រោមច្បាប់អន្តរជាតិ និងក្នុងស្រុកនោះទេ»។
លោកបន្តទៀតថា៖ «ទោះជាយ៉ាងណាក៏ដោយ ដោយពិចារណាលើទំនាក់ទំនងរបស់យើងជាមួយភាគីដែលចូលរួមក្នុងសង្គ្រាម និងការវិវត្តន៍នៅក្នុងសមរភូមិ យើងនឹងចាត់វិធានការសមស្របបំផុត»៕
ប្រែសម្រួល៖ ហួន ឌីណា ប្រភព៖ Exclusive: South Korea’s Yoon opens door for possible military aid to Ukraine