កូនសុនខ ដែលទើបនឹងកើតចំនួន១៣ក្បាល កំពុងទទួលការមើលថែ ដើម្បីអាចក្លាយជាសុនខបន្តវេនដែលមានជំនាញហិតមីន
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានឱ្យដឹងថា កូនសុនខចំនួន ១៣ក្បាល បានកើតថ្មីៗនេះ និងកំពុងទទួលការមើលថែ និងអាចក្លាយជាសុនខបន្តវេនក្នុងជំនាញហិតមីន ខណៈសុនខដែលមានជំនាញហិតមីន នៅមិនទាន់ចំនួនគ្រប់គ្រាន់នៅឡើយ សម្រាប់បម្រើឱ្យវិស័យមីនក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់,CMAC)) បានឱ្យដឹងនៅថ្ងៃទី១៩ ខែមេសាថា បច្ចុប្បន្ននេះ អង្គភាព ស៊ីម៉ាក់ បានគាំទ្រមេពូជសុនខ ផលិតកូនបានជាង១០០ក្បាល រួមជាមួយនឹងកូនសុនខដែលទើបតែកើតថ្មីចំនួន១៣ក្បាលទៀត ដែលកំពុងទទួលការមើលថែ។ កូនសុខនទាំងនេះ មិនមែនសុទ្ធតែមានជំនាញក្នុងការស្វែងរកមីន ឬហិតមីននោះទេ ដែលអង្គភាពលោកត្រូវប្រើពេលក្នុងការបង្ហាត់បង្រៀន រួចហើយក៏ត្រូវប្រឡងជ្រើសរើសកូនសុខនទាំងនោះ បើជាប់នឹងនៅបន្តជាសុខនបន្តវេនដែលមានជំនាញហិតមីន ហើយបើធ្លាក់នឹងក្លាយជាប្រភេទសុខនដែលមានជំនាញផ្សេងៗទៀតផងដែរ។
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-19_16-36-15-1024x768.jpg)
ឯកឧត្តម ហេង រតនា បានប្រាប់ថា៖ «បច្ចុប្បន្ននេះ យើងផលិតកូនសុខនបានជាង ១០០ក្បាល ហើយរួមជាមួយនឹងកូនសុខនដែលទើបតែកើតថ្មីចំនួន១៣ក្បាលទៀត ដែលយើងនឹងជ្រើសរើសវា ក្រោយពីបង្រៀនមួយរយៈ បើអាណាជាប់ទើបយកបាន អាណាធ្លាក់នឹងក្លាយជាសុខនដែលមានជំនាញផ្សេងទៀត»។
លោកអះអាងថា សម្រាប់អង្គភាពស៊ីម៉ាក់ មានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការផលិតកូនសុខនសម្រាប់ក្នុងស្រុក តែបើទោះបីជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតកូនសុខនក៏ពិតមែន ប៉ុន្តែអង្គភាពលោកក៏ត្រូវស្រាវជ្រាវ និងស្វែករកប្រភេទពូជផ្សេង ដែលនាំចូលពីប្រទេសដទៃទៀតផងដែរ ខណៈដែលកម្ពុជាជាក់ស្ដែងនៅចំពោះមុខ អាចផលិតកូនសុខនដោយខ្លួនឯងបានក៏ដោយ។
កន្លងមកកម្ពុជា បាននាំយកសុនខហិតមីន ដោយការទិញ ឬសុំមកពីប្រទេសដទៃសម្រាប់ផ្គត់ផ្គង់ និងប្រើប្រាស់ ដើម្បីស្រាវជ្រាវស្វែងរកមីន និងហិតមីននៅក្នុងប្រទេស ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជា អាចមានសមត្ថភាព អាចផលិតកូនសុខន និងផ្គត់ផ្គង់កូនសុខនផ្តល់ទៅឲ្យប្រទេសដទៃទៀតបានផងដែរ។
បើតាមឯកឧត្តម ហេង រតនា សព្វថ្ងៃនេះ កម្ពុជាមានសុនខដែលមានជំនាញស្វែករកមីនសរុបចំនួនជាង ២០០ក្បាល ដែលសុខនទំាងនោះខ្លះកំពុងប្រតិបត្តិការ និងខ្លះកំពុងទទួលការហ្វឹកហាត់ ដើម្បីក្លាយជាសុនខ ដែលមានជំនាញស្វែងរកមីន។
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-19_16-36-17-1024x768.jpg)
លោកបានបញ្ជាក់ថា ៖ «ចំនួនសរុបសុនខទាំងជាង២០០ក្បាលនេះ វាមិនគ្រប់គ្រាន់ឡើយសម្រាប់ការងារក្នុងវិស័យមីន ហេតុនេះហើយបានជាស៊ីម៉ាក់ ប្រឹងប្រែងខិតខំពង្រីកកម្លាំងសុនខនេះ ពីព្រោះការងាររបស់សុនខមិនមែនតែហិតមីននោះទេ ដោយសារមានសុនខខ្លះក៏វាមានជំនាញផ្សេងដែរដូចជា ជំនាញសន្តិសុខ និងជំនាញផ្សេងៗទៀតជាដើម»។
យោងតាមរបាយការណ៍របស់អង្គភាពស៊ីម៉ាក់ បានបង្ហាញថា សុនខហិតមីន ត្រូវបានបង្កើតឡើង និងនាំចូលសម្រាប់គាំទ្រដល់អង្គភាពស៊ីម៉ាក់ ដោយកងទ័ពប្រទេសស៊ុយអ៊ែត កាលពីឆ្នាំ១៩៩៦ ក្នុងកម្រិតហ្វឹកហ្វឺនសាកល្បងប្រើប្រាស់សុនខហិតមីននៅកម្ពុជា និងបានបញ្ចប់គម្រោង នៅឆ្នាំ២០០២។
ប៉ុន្ដែ ស៊ីម៉ាក់បានចាប់ផ្ដើមពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូ នៃកម្មវិធី សុនខហិតមីន ចាប់ពីឆ្នាំ២០០២ រហូតទទួលបានភាពជោគជ័យ និងរឹងមាំតែម្ដង នៅអំឡុងឆ្នាំ២០១៦។ បច្ចុប្បន្ន អង្គភាព ស៊ីម៉ាក់ បានកែប្រែស្ថានភាពពីទិញ ឬសុំសុខនពីបរទេសមកប្រតិបតិការនៅកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិ និងគាំទ្រកិច្ចប្រតិបត្តិការក្នុងប្រទេសផងដែរ។
របាយការណ៍បានបន្ថែមថា សុនខហិតមីន បាននិងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងរំដោះផ្ទៃដីដែលមានមីននៅក្នុងប្រទេសកម្ពុជា ក្នុងនោះមាន មានជំនាញហិតមីនដែលកប់ដី និងសារធាតុផ្ទុះផ្សេងៗ ហើយសុនខហិតមីន មិនត្រឹមតែជួយដល់ការងាររបស់ស៊ីម៉ាក់ ប៉ុណ្ណោះទេ ថែមទាំងចូលរួមជាមួយនឹង សមត្ថកិច្ច ក្នុងការស្រាវជ្រាវរកនូវសារធាតុញៀន និងរកនូវជនសង្ស័យផងដែរ៕
ដោយ៖ជា សុខនី