ក្រសួងសុខាភិបាលត្រៀមមន្ទីរពេទ្យ ដើម្បីជួយផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ (Video Inside)
ក្រសួងសុខាភិបាលបានត្រៀមមន្ទីរពេទ្យចំនួន១១កន្លែង ជាមួយនឹងបុគ្គលិកពេទ្យ និងការបង្ការសម្ភារៈត្រៀមជាច្រើនទៀត សម្រាប់ផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា «ដើម្បីត្រៀមផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលនឹងចូលរួមទស្សនាការប្រកួតកីឡាយ៉ាងច្រើន ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានរៀបចំមន្ទីរពេទ្យចំនួន១១កន្លែង, បុគ្គលិកចំនួន ៨៣៣នាក់, រថយន្តសង្គ្រោះចំនួន ១១៤ គ្រឿង, រថយន្តគ្លីនិកចល័តចំនួន៩គ្រឿង, តង់សុខភាពចំនួន ១១»។
សេចក្តីជូនដំណឹងបានបន្តថា ក្រសួងសុខាភិបាលបនាត្រៀមរៀបចំមន្ទីរពេទ្យជាតិចំនួន ៧ គឺមន្ទីរពេទ្យជាតិតេជោសន្តិភាព, មន្ទីរពេទ្យកាល់ម៉ែត , មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក និងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៤ គឺខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
ក្រសួងសុខាភិបាលបញ្ជាក់ថា «ក្នុងករណីបងប្អូន ប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមស្វែងរកសេវាសុខាភិបាល និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃ នៅតាមទីតាំងដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ»។