ក្រសួងកសិកម្មគ្រោងបញ្ចេញពូជដង្កូវនាងប្រភេទថ្មី «នាងសូត្រស» (Video Inside)
កម្ពុជាគ្រោងបញ្ចេញពូជដង្កូវនាងប្រភេទថ្មីឈ្មោះ «នាងសូត្រស» ដែលនឹងផ្តល់ទិន្នផលសូត្រកម្រិតខ្ពស់ និងធន់អាកាសធាតុថែមទៀត។
ប្រធានគណ:កម្មាធិការបញ្ចេញប្រភេទពូជដង្កូវនាងលោក តូច ប៊ុនហួរ ដែលជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនូវប្រភេទពូជសត្វដង្កូវនាងនេះ ក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
មន្ត្រីក្រសួងកសិកម្ម បានថ្លែងថា កិច្ចប្រជុំបានវាយតម្លៃខ្ពស់ លើពូជដង្កូវនាងប្រភេទថ្មី ដែលទើបបង្កាត់ថ្មី មុននឹងបញ្ចេញ និងផ្សព្វផ្សាយឱ្យកសិករប្រើប្រាស់នាពេលខាងមុខនេះ។ ការបង្កាត់ពូជដង្កូវនាងថ្មីនេះ ធ្វើឡើងដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ហៅថា កូពារ (KOPIA)។
ពូជដង្កូវនាងថ្មីនេះ ត្រូវបានគណៈកម្មាធិការបញ្ចេញពូជដង្កូវនាង ស្នើដាក់ឈ្មោះ «នាងសូត្រស» ដោយហេតុថា ពូជដង្កូវនាងនេះ មានសសៃសូត្រពណ៌ស ផ្តល់ទិន្នផលសូត្រខ្ពស់ជាងពូជក្នុងស្រុក ដែលមានលក្ខណៈសមស្របនឹងប្រព័ន្ធក្សេត្របរិស្ថាន នៅប្រទេសកម្ពុជា។
មន្ត្រីកសិកម្មបានថ្លែងទៀតថា ពូជដង្កូវនាងដែលទើបបង្កាត់ថ្មីនេះ មានគុណភាពល្អ ស្របទៅនឹងតម្រូវការទីផ្សារ, ធន់នឹងការប្រែប្រួលអាកាសធាតុ និងសមាសភាពចង្រៃ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់ផ្សព្វផ្សាយជូនដល់កសិករ សហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធ៕