២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៤ពាន់ករណី (Video Inside)
ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ-១៩ បើទោះបីជាកម្ពុជាមិនមានការឆ្លងថ្មីក៏ដោយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ៨២៩ករណី ដែលកើនឡើងវិញចំនួន ៦៨៩ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៥ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ២ពាន់ ១៦២ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានអ្នកឆ្លងចំនួន ៤ករណី។ ប្រទេសកម្ពុជា, ថៃ, ម៉ាឡេស៊ី, សឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៧៦ម៉ឺន ៥ពាន់ ៣១៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៩៧៥នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៦ លានករណី, និងការស្លាប់មានជាង ៦លាន ៨៤ម៉ឺននាក់៕