លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍មេដឹកនាំអេស្ប៉ាញនៅសេតវិមាននាខែក្រោយ
វ៉ាស៊ីនតោន៖ លេខាសារព័ត៌មានសេតវិមាន លោកស្រី ខារីន ជាំង ផាយអឺ បានប្រកាសថា នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក ផេត្រូ សាន់ឆេស នឹងទៅបំពេញទស្សនកិច្ចនៅឯសេតវិមាន នាថ្ងៃទី១២ ខែឧសភាខាងមុខនេះ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។
លេខាសារព័ត៌មានសេតវិមាន លោកស្រី ខារីន ជាំង ផាយអឺ បាននិយាយថា លោក បៃដិន និងលោក សាន់ឆេស នឹងធ្វើកិច្ចពិភាក្សាគ្នាលើការសម្របសម្រួលទាក់ទិននឹងបញ្ហានានា រួមមានការប្រែប្រួលអាកាសធាតុ និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់អាមេរិកឡាទីន និងតំបន់ការ៉ាបៀន ខណៈដែលប្រទេសអេស្ប៉ាញត្រៀមខ្លួនធ្វើជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសហភាពអឺរ៉ុប។
លោកស្រី ជាំង ផាយអឺ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរនឹងពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ ក្នុងនាមជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ និងដៃគូជិតស្និទ្ធ ក្នុងការពង្រឹងទំនាក់ទំនងការពារជាតិទ្វេភាគីរវាងអាមេរិក-អេស្ប៉ាញ ជាពិសេសសន្តិសុខឆ្លងកាត់តំបន់អាត្លង់ទិក និងវិបុលភាពសេដ្ឋកិច្ច។
លោកស្រី ជាំង ផាយអឺ បាននិយាយយ៉ាងដូច្នេះថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីការគាំទ្រឥតងាករេរបស់យើងសម្រាប់អ៊ុយក្រែន និងការខិតខំប្រឹងប្រែងរបស់យើង ក្នុងការដាក់សម្ពាធលើវិមានក្រឹមឡាំង នៅពេលដែលរុស្ស៊ីបន្តសង្រ្គាមលុកលុយប្រឆាំងនឹងប្រទេសអ៊ុយក្រែន៕ ប្រភព៖ TheStar ប្រែសម្រួលដោយ៖ ឈឹម ទីណា