ប្រធានាធិបតីកូរ៉េខាងត្បូងនឹងទៅសហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយ សម្រាប់កិច្ចប្រជុំកំពូលជាមួយលោក ចូ បៃដិន
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ុល នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយ សម្រាប់កិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ខណៈដែលប្រទេសសម្ព័ន្ធមិត្តទាំងពីរកំពុងស្វែងរកវិធី ដើម្បីដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងការកើនឡើងឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
ដំណើរទស្សនកិច្ចពីថ្ងៃទី២៤ ដល់ទី២៩ ខែមេសារបស់លោក យូន នេះ នឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់សហរដ្ឋអាមេរិក របស់មេដឹកនាំកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ ២០១១ ហើយចំពេលដែលប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី ៧០ នៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរផងដែរ។
មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការឆ្លើយតបរួមគ្នាដើម្បីរារាំងកូរ៉េខាងជើង, ភាពជាដៃគូក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្ថេរភាពជាងមុន និងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកបន្ទះឈីប, ថ្ម និងផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត។ លោក យូន និងលោក បៃដិន ក៏ទំនងជានឹងពិភាក្សាគ្នាអំពីរបៀបគាំទ្រអ៊ុយក្រែន ចំពេលមានសម្ពាធកាន់តែខ្លាំងឡើងលើកូរ៉េខាងត្បូង ដើម្បីជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ី។
ទីប្រឹក្សារងសន្តិសុខជាតិកូរ៉េខាងត្បូង លោក គីម ថេឃ្យូ បានប្រាប់សន្និសីទសារព័ត៌មានថា លោក យ៉ូន នឹងរៀបចំកិច្ចប្រជុំកំពូល និងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក បៃដិន នៅថ្ងៃទី២៦ ខែមេសា ហើយថ្លែងសុន្ទរកថាទៅកាន់សភាអាមេរិកនៅថ្ងៃទី២៧ ខែមេសា មុនពេលធ្វើដំណើរទៅកាន់ទីក្រុងបូស្តុន ជាទីដែលគាត់នឹងត្រូវថ្លែងសន្ទរកថានៅឯសាលា Harvard Kennedy៕ ប្រភព៖ TheStar ប្រែសម្រួលដោយ៖ ឈឹម ទីណា

