ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកស្ទួយជីវភាពប្រជាកសិករ ជាពិសេសតាមរយៈការជំរុញផលិតកម្ម
កំពង់ចាម៖ ឯកឧត្តម រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកស្ទួយជីវភាពប្រជាកសិករ ជាពិសេសតាមរយៈការជំរុញផលិតកម្ម ការខិតខំរក្សាស្ថិរភាពថ្លៃកសិផល និងការពង្រីកទីផ្សារកសិផល ដោយក្នុងដំណើរការអភិវឌ្ឍឃុំ-សង្កាត់ រាជរដ្ឋាភិបាលបានបង្កើនជាបន្តបន្ទាប់នូវមូលនិធិឃុំ-សង្កាត់។

ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា ក្នុងឆ្នាំ២០២០កន្លងមកនេះ ឃុំ-សង្កាត់នីមួយៗទទួលបានថវិកាសរុបជាមធ្យមប្រមាណ ១២២ ០០០ដុល្លារ (ដប់ពីរម៉ឺន ពីរពាន់ដុល្លារអាមេរិក) ក្នុងនោះថវិកាសម្រាប់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានប្រមាណ ៧០ ០០០ដុល្លារ (ប្រាំពីរម៉ឺនដុល្លារអាមេរិក) ហើយថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋាននេះនឹងត្រូវបង្កើនជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗ នឹងទទួលបានថវិកាសរុបជាមធ្យមជាង ១៣២ ០០០ដុល្លារ (ដប់បីម៉ឺន ពីរពាន់ដុល្លារអាម៉េរិក)។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដា្ឋនស្រុកព្រៃឈរ និងស្រុកបាធាយ បានលើកឡើងបែបនេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តគិរីអណ្តែត ស្ថិតក្នុងភូមិរោលជ្រូក ឃុំបារាយណ៏ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ថា មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃដំណើរការអភិវឌ្ឍ និងភាពរឹងមាំនៃប្រជាធិបតេយ្យ នឹងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។ បើ បាត់បង់សន្តិភាព នោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ ។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ និងសូមធ្វើការគាំទ្រយ៉ាងពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ៕



ដោយ ង៉ាន់ ទិត្យ