អនុប្រធានខុទ្ទកាល័យគណកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា យកបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មកចុះបញ្ជី គជប
ភ្នំពេញ ៖ ឯកឧត្តម អ៊ក គឹមហាន អនុប្រធានខុទ្ទកាល័យគណកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា យកបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា មកចុះបញ្ជីនៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ។
ឯកឧត្តម អ៊ក គឹមហាន មានប្រសាសន៍ថា បញ្ជីបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានយកមកចុះបញ្ជីនាពេលនេះ គឺមានភាពល្អប្រើសើរមិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់នោះទេ ព្រោះថាមុននឹងយកមកត្រូវបានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ស្របទៅតាមលក្ខត្តិករបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

ឯកឧត្តម អនុប្រធានខុទ្ទកាល័យគណកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បន្ថែមថា គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខភាពឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ទាំង២៥រាជធានី-ខេត្ត ដែលមានសអសនៈពេញសិទ្ធចំនួន១២៥ និងបេក្ខភាពបម្រុង១៤៩រូប មានបេក្ខជនសរុបចំនួន ២៧៤ រូប ក្នុងនោះមាននារី៥៤រូបផងដែរ ។

សូមបញ្ជាក់ថា គណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានថា តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ៕ ដោយ / គ្រី សម្បត្តិ
