ក្តាតពលរដ្ឋខ្មែរប្រើធ្វើជា បន្លែ,អន្លក់,សម្ល និង អាចប្រើជាឱសថកាត់បន្ថយកម្រិតស្ករ និងខ្លាញ់ក្នុងខ្លួន
ភ្នំពេញ៖ ក្ដាត ជារុក្ខជាតិ ដែលប្រជាជនខ្មែរយើងនិយមដាំ នៅតាមទីជនបទស្រុកស្រែចម្ការ ដើម្បីយកត្រួយខ្ចី និងធាងធ្វើជាបន្លែ និងអន្លក់។ក្រៅពីនេះក្តាតនៅអាចប្រើជាឱសថសម្រាប់កាត់បន្ថយកម្រិតសារជាតិស្ករ និង ខ្លាញ់ក្នុងរាងកាយបានទៀតផង។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៣ថាក្តាតមានប្រភពដើមមកពីប្រទេសឥណ្ឌា ចិន ឥណ្ឌូនេស៊ី។
លក្ខណៈរូបសាស្ត្រ៖ តិណជាតិ (herbaceous) ដុះត្រង់ទៅលើ កម្ពស់១,៥-២ម។ ដើមរស់បានយូរ (perennial) ក្តៀងរីកធំជាមើមស្រទាប់ (corme) រាងដុំមូល ឬមូលទ្រវែង តូច ឬធំ មានទម្ងន់១-៣គីឡូក្រាម ហើយមានកូនមើមតូចៗ ឬកូនដើម (sprouts) ដុះចេញ ពីមេតាមចំហៀង។ ស្លឹកពណ៌បៃតងលាយស្វាយ ស្លឹក (peltate) ទងមកភ្ជាប់ជិត កណ្តាលតួស្លឹក គល់ស្លឹករាងបេះដូង (cordate)។ កញ្ចុំផ្កាជាស្ប៉ាឌីច (spadix) នៅក្នុងស្ទប គេហៅថាផ្កាខ្ព ផ្កាគ្មានទង ធាងទន់ស្ពោត (spongy) ផ្កាតូចៗ គ្មានត្របក គ្មានស្រទាប់ មានភេទតែ១ គឺផ្កាញី ឬផ្កាឈ្មោល។ ផ្កាញីនៅផ្នែកក្រោម លើផ្កាញីមានផ្កាឥតភេទ ឯផ្កាឈ្មោល ដុះនៅផ្នែកលើ ជិតដល់ចុងធាង។ ផ្លែតូចៗ ជាបេរី (berry) មានគ្រាប់២-៥។
លក្ខណៈជីវសាស្ត្រ៖ លូតលាស់រហ័សណាស់។ បន្តពូជដោយគ្រាប់ ឬដោយបំបែកមើម និងតាមឫសតូចៗ។
លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតំបន់ដីសើម មានទឹកនៅតាមតំបន់ជនបទ ស្រុកស្រែ ចម្ការ។
- ការប្រើប្រាស់
-ជាបន្លែ៖ ត្រួយខ្ចីៗ និងធាង យកទៅធ្វើជាបន្លែអន្លក់ និងសម្ល។
-ជាឱសថ៖ មើមក្តាតមានប្រសិទ្ធភាពប្រឆាំងនឹងអុកស៊ីតកម្ម អាចសម្រួលទឹកចិត្តកុំ ឱ្យរន្ធត់ញ័រភ័យ (stress) និងជួយកាត់បន្ថយកម្រិតស្ករ និងខ្លាញ់ក្នុងខ្លួន៕ដោយ៖ម៉ាដេប៉ូ

