និស្សិតខ្មែរឥស្លាម៦នាក់ ក្នុងប្រទេសស៊ូដង់ កំពុងត្រៀមរៀបចំជម្លៀសចេញ (Video Inside)
និស្សិតខ្មែរឥស្លាមចំនួន៦នាក់ ក្នុងប្រទេសស៊ូដង់ ត្រូវបានជួយជម្លៀសស្ថិតក្នុងទីតាំងមានសុវត្ថិភាពមួយ និងកំពុងត្រៀមរៀបចំខ្លួនចាកចេញពីប្រទេសក្នុងទ្វីបអាហ្វ្រិក ដែលហែកហួរគ្នាដោយសារសង្គ្រាមដណ្តើមអំណាច។
យោងតាមក្រសួងការបរទេសកម្ពុជា និស្សិតខ្មែរទាំង ៦នាក់ កំពុងស្នាក់នៅជាមួយនិស្សិតម៉ាឡេស៊ី ដើម្បីរង់ចាំការចាកចេញទាំងអស់គ្នាចេញពីប្រទេសស៊ូដង់។
ក្នុងចំណោមនិស្សិតខ្មែរទាំង៦នាក់ រួមស្ត្រីចំនួន២នាក់ ដែលពួកគេបានសិក្សា ក្នុងរដ្ឋធានី «ខាទុម» ដែលកំពុងតែមានការបាញ់គ្នារវាងគូបដិបក្ខស៊ូដង់។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីការផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាម នៅក្នុងរដ្ឋធានី «ខាទុម» តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣មក និស្សិតចំរុះជាតិសាសន៍ទាំងអស់ ក្នុងសកលវិទ្យាល័យ ត្រូវបានគេឱ្យមកស្នាក់នៅក្នុងទីតាំងមួយ ដែលស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យ។
សេចក្តីរាយការណ៍បង្ហាញថា គិតត្រឹមយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ភាគីម៉ាឡេស៊ីបាននិងកំពុងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចលើមធ្យោបាយធ្វើដំណើរចាកចេញពីប្រទេសសូដង់ ដើម្បីឱ្យបានឆាប់តាមតែអាចធ្វើបាន៕