គណបក្សចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតបានកើនដល់៦គណបក្សហើយ (Video Inside)
គណបក្សចំនួន២បន្ថែមទៀត បានមកចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត នៅថ្ងៃទី២៥ មេសា ដែលនាំឱ្យចំនួនគណបក្សឈរសម្រាប់ការបោះឆ្នោតសកលមានចំនួន៦ហើយ។ ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងថ្ងៃអង្គារ៍ទី២៥ មេសានេះ គឺជាថ្ងៃទី២ហើយ។
សមាជិកគជប លោក ឌឹម សុវណ្ណារ៉ុម ដែលជាប្រធានក្រុមប្រតិកម្មព័ត៌មាន គជប បានបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃនេះ គណបក្សដែលបានមកចុះបញ្ជីរួចរាល់ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានចំនួន៦គណបក្សហើយ ក្នុងនោះរួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សសញ្ជាតិកម្ពុជា។
គណបក្សភ្លើងទៀន នៅមិនទាន់មកចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតនៅឡើយទេ។ គួរបញ្ជាក់ថាដំណើរការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី២៤ មេសា រហូតដល់ថ្ងៃទី៨ ឧសភា។