កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធមនុស្សធម៌ផ្នែកសុខាភិបាលយោធាមួយថ្មីទៀត នៅពាក់កណ្តាលឆ្នាំ២០២៣នេះ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទបានឱ្យដឹងថា កងទ័ពនៃប្រទេសកម្ពុជានិងប្រទេសចិនបានឯកភាពគ្នានឹងរៀបចំធ្វើសមយុទ្ធថ្មីមួយទៀតនៅក្នុងកំឡុងពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីការធ្វើសមយុទ្ធរួមគ្នាចំនួនប្រាំលើកកន្លងមក ទទួលបានជោគជ័យ។
ឯកឧត្តម ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងដូចនេះកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមបានអនុញ្ញាតឱ្យប្រតិភូក្រុមការងារបច្ចេកទេសលំហាត់សុខាភិបាលយោធារួមគ្នាទេវតាសន្តិភាព ឆ្នាំ២០២៣ កងទ័ពរំដោះប្រជាជនចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

យោងតាមក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែមេសាឯកឧត្តម ឥត សារ៉ាត់ គូសបញ្ជាក់ថា៖ «ឆ្លងតាមរយៈនៃការធ្វើសមយុទ្ធនាគមាស២០២៣នេះដែរ កងទ័ពប្រទេសទាំងពីរ បានឯកភាពគ្នាថានឹងរៀបចាំធ្វើសមយុទ្ធថ្មីមួយទៀតនៅក្នុងកំឡុងពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខដែលគ្រោងនឹងដាក់ឈ្មោះថា លំហាត់សមយុទ្ធការងារមនុស្សធម៌ ផ្នែកសុខាភិបាលយោធារួមគ្នាទេវតាសន្តិភាពឆ្នាំ២០២៣ កម្ពុជា-ចិន»។
ឯកឧត្តម ឥត សារ៉ាត់ បានលើកឡើងទៀតថា កងទ័ពប្រទេសកម្ពុជា-ចិន បានធ្វើសមយុទ្ធរួមគ្នាចំនួនប្រាំលើករួចមកហើយ ដែលទំហំនៃសមយុទ្ធទាំងនោះកាន់តែមានលក្ខណៈទំនើបទៅៗ និងធំឡើងៗ ជាលំដាប់ ពាក់ព័ន្ធទៅនឹងសកម្មភាពប្រឆាំងភារវកម្ម ការងារសង្គ្រោះគ្រោះមហន្តរាយ ការងារមនុស្សធម៌ ដើម្បីសន្តិសុខក្នុងតំបន់។
នាជំនួបនោះដែរ លោក ប៉ី គ័ងយៀន ( Bi Guangyuen )ប្រធានមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រយោធាអគ្គនាយកដ្ឋានផ្គត់ផ្គង់ភស្តុភារនៃគណៈកម្មាធិការយោធាមជ្ឈិមកងទ័ពរំដោះប្រជាជនចិន បានលើកឡើងថា ក្រុមការងាររបស់លោកមកកាន់កម្ពុជាលើកនេះ គឺចំថ្ងៃនៃខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ ប្រជាជនប្រទេសទាំងពីរចិន-កម្ពុជា។

តាមរយៈក្រសួងការពារជាតិ លោក ប៉ី គ័ងយៀន បានបញ្ជាក់ថា ៖ «ការរៀបចំធ្វើលំហាត់សមយុទ្ធសុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព-ឆ្នាំ២០២៣ លើកនេះ នឹងបង្ហាញដល់ពិភពលោកឱ្យឃើញកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបំបាក់ចិន-កម្ពុជា បានពូនជ្រុំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរនិងបន្តរីកចម្រើនកាន់តែខ្លាំងក្លាក្នុងរយៈពេល៦៥ឆ្នាំ ក្រោយពីការបង្កើតការទូតដែលបង្ហាញពី ទំនាក់ទំនងអន្តរជាតិបែបថ្មី»។
លំហាត់សមយុទ្ធនេះ ពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ នៃទំនាក់ទំនងចិន-កម្ពុជា កាន់តែមានភាពចាំបាច់ថែមទៀតក្នុងបរិបទនៃការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានាយ៉ាងខ្លាំងក្លាក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ និងស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរ មិនថាស្ថានភាពអន្តរជាតិមានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ។ លោក ប៉ី គ័ងយៀន បានបន្ថែម។
សូមបញ្ជាក់ដែរថា កន្លងទៅថ្មីៗនេះ កម្ពុជា-ចិន ទើបតែបញ្ចប់សមយុទ្ធរួមគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ គឺសមយុទ្ធនាគមាស ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» នៅទីលានបាញ់គ្រាប់ពិតនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅតំបន់ភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ត្រ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕ ដោយ៖ នាង សុគន្ធា