អតីតប្រមុខអង្គការសហប្រជាជាតិជួបពិភាក្សាជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា

ណៃពិដោ៖ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានជួបពិភាក្សាជាមួយមន្ត្រីកំពូលៗមកពីរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃ២៤ ខែមេសា ខណៈដែលជម្លោះបង្ហូរឈាមកំពុងលេបត្របាក់ប្រទេសមួយនេះ។

អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក មីន អោងឡាំង នៅក្នុងរដ្ឋធានីណៃពិដោ ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈគ្នាប្រកបដោយការស្ថាបនា និងបើកចំហរ ជុំវិញការវិវត្តចុងក្រោយបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមក្រុមព័ត៌មានរបស់របបយោធាមីយ៉ាន់ម៉ា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចពិភាក្សានោះទេ។

អំឡុងទស្សនកិច្ចនេះដែរ លោក បាន ក៏បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា លោក ម្យ៉ា ទុនអូ ដែលត្រូវបានតែងតាំងដោយរបបយោធាផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់របបយោធា។ ទាំងលោក ម្យ៉ា ទុនអូ និងលោក មីន អោងឡាំង បានជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចាប់តាំងពីរដ្ឋប្រហាររបស់របបយោធាក្នុងឆ្នាំ២០២១។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក NP News លោក បាន មិនបានជួបជាមួយមេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី អោង សានស៊ូជី នោះទេ។ ទីភ្នាក់ងារព័ត៌មាននេះបន្តថា លោក បាន គីមូន បានចាកចេញពីប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទសប្តាហ៍នេះ។

លោក បាន គឺជាសមាជិកនៃក្រុមមេដឹកនាំពិភពលោក ឬហៅថា “The Elders” ដែលបង្កើតឡើងដោយអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ណែលសុន ម៉ាន់ដេឡា ដើម្បីលើកកម្ពស់សន្តិភាព និងលុបបំបាត់ជម្លោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner