រុស្ស៊ីត្រូវការថវិកាជាង ៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងផលិតយន្តហោះដ្រូនរបស់លោក ពូទីន
មូស្គូ៖ សារព័ត៌មាន RBC របស់រុស្ស៊ីបានរាយការណ៍ថា ប្រទេសរុស្ស៊ីត្រូវការថវិកាប្រមាណ៥០០ពាន់លានរូប្លិ៍ ឬប្រហែល៦.១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងផលិតយន្តហោះគ្មានមនុស្សបើក ដែលហៅកាត់ថា “ដ្រូន” ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែកុម្ភៈកន្លងទៅ។
កាលពីខែកុម្ភៈកន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីត្រូវតែបង្កើនការផលិតយន្តហោះគ្មានមនុស្សបើកដោយខ្លួនឯង និងបង្កើតហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការប្រើប្រាស់យ៉ាងទូលំទូលាយរបស់យន្តហោះដ្រូន។
សារព័ត៌មាន RBC របស់រុស្ស៊ី បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះដែលដឹងពីគម្រោងនេះរាយការណ៍ថា យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍យន្តហោះដ្រូន សម្រាប់រយៈពេលរហូតដល់ឆ្នាំ២០៣០ ចាំបាច់ត្រូវតែអនុម័តនៅត្រឹមថ្ងៃទី០១ ខែមិថុនាខាងមុខនេះ ហើយរួមបញ្ចូលទាំងព័ត៌មានលម្អិត ស្តីពីការផលិត និងការផ្តល់ហិរញ្ញប្បទាន។
គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបានផលិតយន្តហោះគ្មានមនុស្សបើកមួយចំនួនរួចមកហើយ ប៉ុន្តែយន្តហោះទាំងនោះមិនមានភាពទំនើបនោះទេ ដូច្នេះហើយទើបរុស្ស៊ីបាននិងកំពុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ជាចម្បង ក្នុងការវាយប្រហារតាមអាកាសទៅលើអ៊ុយក្រែន៕ ប្រភព៖ Reuters ប្រែសម្រួលដោយ៖ ឈឹម ទីណា

