៣ខែដំបូងឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិទំាងបី នៃកម្ពុជា ភ្នំពេញ សៀមរាប និងព្រះសីហនុ ទទួលបានអ្នកដំណើរសរុប ១,២លាននាក់
ភ្នំពេញ ៖ គណៈកម្មការតាមដាន និងត្រួតពិនិត្យលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងការសាងសង់អាកាសយានដ្ឋានដទៃទៀតនៅកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី២ នៃគណៈកម្មការ ដែលមានការចូលរួមពីសមាជិកសមាជិកាមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាមួយក្រុមហ៊ុនសម្បទាន SCA កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យមើលការងារដែលបានអនុវត្ត នៅអាកាសយានដ្ឋានអន្តរជាតិទំាងបីនៅកម្ពុជាមាន ភ្នំពេញ សៀមរាប និងព្រះសីហនុ។ សម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការងារសំខាន់គឺ ការជួសជុលផ្លូវបរយន្តហោះ ដើម្បីការពារសុវត្ថិភាពសម្រាប់យន្តហោះ ហើយអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុកំពុងអនុវត្តការងារបន្តពីឆ្នាំកន្លងទៅ នោះគឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគាំទ្រដល់ការសាងសង់ស្ថានីយអ្នកដំណើរថ្មី។ ដោយឡែកចំពោះអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប តាមរយៈការណែនាំរបស់គណៈកម្មការ ក្រុមហ៊ុនមិនមានគម្រោងវិនិយោគបន្ថែមនោះទេ គឺរក្សាទុកត្រឹមការថែទំាងជួសជុល ដែលចាំបាច់បំផុត រហូតដល់អាកាសយានដ្ឋានថ្មីបើកដំណើរការ។
ជាមួយគ្នានេះ ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាប មាននិន្នាការកើនឡើងប្រកបភាពភាពជឿជាក់។ ជាក់ស្តែងសម្រាប់៣ខែដំបូងឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិទំាងបីនៃព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ សៀមរាប និងព្រះសីហនុ ទទួលបានអ្នកដំណើរសរុប ១,២លាននាក់ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានដំណើរ៩៤ម៉ឺននាក់ ស្មើនឹង៦០%នៃចំនួនអ្នកដំណើរនៅឆ្នាំ២០១៩ក្នុងរយៈពេលដូចគ្នានេះ ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានទំាងបីបានកើនឡើងជាបន្តបន្ទាប់ ហើយគណៈកម្មការសង្ឃឹមថា ចំនួននឹងបន្តកើនឡើងទៀត ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយទាក់ទាញអ្នកវិនិយោគនិងទេសចរណ៍ ។ ដោយឡែកចំពោះចំនួនចរាចរណ៍ទំនិញផ្លូវអាកាសក៏បានកើនឡើងល្អសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣នេះផងដែរ ៕ រូបភាព និងអត្តបទ រិន រចនា





