លោក ម៉ាក្រុង៖ បារាំងនឹងមិនចូលរួមក្នុងការប្រើប្រាស់ពាក្យសម្តីដុតបញ្ឆេះស្ថានភាពកោះតៃវ៉ាន់នោះទេ
អាំស្ទែដាំ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងថា រូបលោកនឹងមិនចូលរួមក្នុងការប្រើប្រាស់ពាក្យសម្តីដែលអាចបង្កជាភាពតានតឹង ជុំវិញស្ថានភាពទាក់ទងនឹងប្រទេសចិននោះទេ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយយ៉ាងដូច្នេះថា ប្រទេសបារាំងមិនគាំទ្រការបង្កហេតុ, មិនគាំទ្រគោលនយោបាយបែបប្រឌិត ហើយចាត់ទុកថា ស្ថានភាពបច្ចុប្បន្ន ការគោរព និងភាពច្បាស់លាស់ គឺជាសម្ព័ន្ធមិត្តដ៏ល្អបំផុតនៃស្វ័យភាពជាយុទ្ធសាស្រ្តរបស់អឺរ៉ុប។
លោក ម៉ាក្រុង នៅក្នុងបទសម្ភាសន៍មួយកាលពីចុងសប្តាហ៍មុន បាននិយាយថា អឺរ៉ុបមិនគួរជាអ្នកដើរតាមទាំងសហរដ្ឋអាមេរិក ឬចិន ឬក៏ធ្វើខ្លួនជាអ្នកបង្កើនភាពតានតឹងណាមួយឡើយ។ លោក ម៉ាក្រុង ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីសប្តាហ៍មុនបាននិយាយថា គោលនយោបាយរបស់បារាំង និងអឺរ៉ុប ស្តីពីកោះតៃវ៉ាន់ គឺមិនបានផ្លាស់ប្តូរទេ ហើយថា សម្រាប់ស្ថានភាពបច្ចុប្បន្ននៅកោះតៃវ៉ាន់ ប្រទេសបារាំងគាំទ្រដំណោះស្រាយដោយសន្តិភាព។
ការអត្ថាធិប្បាយបែបនេះរបស់លោក ម៉ាក្រុង ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក ម៉ាក រូត នៅទីក្រុងអាំស្ទែដាំ ដោយលោក ម៉ាក្រុង បានក្លាយជាប្រធានាធិបតីបារាំងដំបូងគេ ដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសហូឡង់ នារយៈពេល២៣ឆ្នាំកន្លងមកនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា