សម្ដេចតេជោ ហ៊ុន សែន សម្រេចកែប្រែអនុក្រឹត្យមួយដែលនឹងប៉ះពាល់ដល់ជីវភាពពលរដ្ឋ ដើម្បីការពារសត្វផ្សោតនៅខេត្តក្រចេះ

ភ្នំពេញ៖ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនិងបើកវគ្គបណ្ដុះបណ្ដាលថ្មីនៃសាលាភូមិន្ទរដ្ឋបាល ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្ដេច បានធ្វើការទាំងយប់កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដើម្បីសម្រេចកែប្រែអនុក្រឹត្យមួយដែលសម្ដេចយល់ថា នឹងប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីការពារសត្វផ្សោតនៅខេត្តក្រចេះ ។

សម្ដេចតេជោ បានថ្លែងថា សម្ដេចបានធ្វើការទាំងយប់ ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ទាក់ទងជាមួយនឹងបញ្ហាសត្វផ្សោត ដែលស្លាប់ជាបន្តបន្ទាប់នៅក្នុងខេត្តក្រចេះ ។

សម្ដេចថា អនុក្រឹត្យថ្មី ដែលហាមឃាត់ពលរដ្ឋ មិនឲ្យនេសាទនៅក្នុងតំបន់ព្រែកកាំពី ដែលមិនឲ្យប្រើប្រាស់មងក្រឡាតូច គឺមិនមានប្រសិទ្ធភាពនោះទេ ដូច្នេះត្រូវនិរាករណ៍ឡើងវិញ ។

សម្ដេចបញ្ជាក់ថា នៅថ្ងៃនេះ សម្ដេចនឹងចុះហត្ថលេខាលើអនុក្រឹត្យថ្មី ដើម្បីការពារសត្វផ្សោតនៅក្នុងខេត្តក្រចេះនេះ ខណៈសម្ដេច បានស្នើដល់ពលរដ្ឋប្រជានេសាទ កុំឲ្យប្រើប្រាស់មងក្រឡាធំ និងប្រើប្រាស់អគ្គិសនី ដើម្បីឆក់ត្រីនៅក្នុងតំបន់អភិរក្សសត្វផ្សោត។

សូមរំលឹកថា រដ្ឋបាលជលផល កាលពីថ្ងៃទៅ១៩ មេសា បានអំពាវនាវដោយទទូចដល់ប្រជានេសាទ ត្រូវឈប់ប្រើប្រាស់មង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត ក្នុងតំបន់សត្វផ្សោតរស់នៅជាបន្ទាន់ ខណៈមានកូនផ្សោតឈ្មោល ១ក្បាល បានស្លាប់ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយតាមរយៈការធ្វើកោសល្យវិច្ច័យ ក្រុមការងារបានសន្និដ្ឋានថា កូនផ្សោតនេះ ស្លាប់ដោយជាប់មង។

រដ្ឋបាលជលផល បានពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF កូនផ្សោតស្លាប់នេះ មានទម្ងន់ ១០គីឡូក្រាម ប្រវែង ០,៨៧ម៉ែត្រ អាយុប្រមាណ ៤ថ្ងៃ រលាត់ស្បែក ដាច់កន្ទុយ និងដាច់ព្រុយចំហៀងទាំងសងខាង ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner