អ៊ុយក្រែនរំលឹកដល់គ្រោះមហន្តរាយនុយក្លេអ៊ែរ Chernobyl
គៀវ៖ អ៊ុយក្រែនរំលឹកដល់គ្រោះមហន្តរាយ ឈឺណូបុល (Chernobyl) និងថ្កោលទោសការបង្កាច់បង្ខូចនុយក្លេអ៊ែរ របស់រុស្ស៊ី។
កាលពីថ្ងៃពុធ សប្តាហ៍នេះ ប្រទេសអ៊ុយក្រែនបានប្រារព្ធខួបលើកទី ៣៧ នៃគ្រោះមហន្តរាយ ឈឺណូបុល (Chernobyl) នៅក្នុងរដ្ឋធានីគៀវ ខណៈពេលដែលខ្លួនបានបរិហារ “ការបង្ខូចកេរ្តិ៍ឈ្មោះ” នុយក្លេអ៊ែររបស់រុស្ស៊ី ដែលបានលុកលុយ កាលពីឆ្នាំមុន ហើយនៅតែកាន់កាប់រោងចក្រមួយទៀតគឺ ហ្សាប៉ូរីចាយអា (Zaporijjia) ដែលជារោងចក្រធំបំផុតនៅអឺរ៉ុប។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅលើ Telegram ថា “កាលពី ៣៧ ឆ្នាំមុន គ្រោះមហន្តរាយនៅរោងចក្រថាមពលនុយក្លេអ៊ែរ ឈឺណូបុល (Chernobyl) បានបន្សល់ទុកនូវស្លាកស្នាមដ៏ធំនៅទូទាំងពិភពលោក” ។
គួរបញ្ជាក់ថា គ្រោះមហន្តរាយ ឈឺណូបុល (Chernobyl) គឺជាឧបទ្ទវហេតុនុយក្លេអ៊ែរ ដែលបានកើតឡើងនៅថ្ងៃទី ២៦ ខែមេសាឆ្នាំ ១៩៨៦ នៅឯ រ៉េអាក់ទ័រ លេខ ៤ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ ឈឺណូបុល (Chernobyl) នៅជិតទីក្រុង ប្រ៊ីបយ៉ាត (Pripyat) ភាគខាងជើងនៃ អ៊ុយក្រែន ក្នុងសហភាពសូវៀត៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

