សម្ដេចតេជោ ហ៊ុន សែន៖ មន្រ្តីបក្សប្រជាជន ចុះធ្វើការងារជាក់ស្តែង ខុសពីបក្សដទៃ ដែលតែងតែតាំងខ្លួនជាអ្នកស្នេហាជាតិ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មន្រ្តីគណបក្សប្រជាជនកម្ពុជា មិនដែលអួតខ្លួនថា ស្នេហាជាតិ និងប្រជាជនទេ ប៉ុន្តែចុះធ្វើការងារជាក់ស្តែង ដើម្បីជួយដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ។
សម្តេចតេជោ បានបញ្ជាក់ថា មន្រ្តីគណបក្សប្រជាជនកម្ពុជា ខុសពីគណបក្សដទៃ ដែលតែងតែតាំងខ្លួនជាអ្នកស្នេហាជាតិ ស្រឡាញ់ប្រជាជន។
សម្ដេចបន្តថា មានតែមន្ត្រីបក្សប្រជាជននោះទេដែលបានតស៊ូព្យាយាមក្រាញននាលជាមួយនឹងប្រជាពលរដ្ឋ ចាប់តាំងពីប្រទេសមានការលំបាករហូតមកដល់ពេលបច្ចុប្បន្ន។ ការតស៊ូលំបាកជាមួយនឹងពលរដ្ឋនេះហើយជាសញ្ញាមួយដែលបង្ហាញពីការស្នេហាជាតិរបស់មន្ត្រីទាំងនោះ។
ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត ក្នុងការជ្រើសរើសមន្រ្ដីរាជការ សម្រាប់បម្រើការងារនៅក្នុងមូលដ្ឋាន គឺជ្រើសរើសមន្រ្ដីចេញពីមូលដ្ឋាននោះតែម្តង ដើម្បីផ្ដល់ភាពងាយស្រួលដល់ការបម្រើការងារ និងការជួបជុំគ្រួសាររបស់មន្រ្ដីផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេច នឹងមិនចុះហត្ថលេខាចំពោះការផ្ទេរមន្រ្ដីពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិនោះទេ លើកលែងតែករណីចាំបាច់ និងតម្រូវការជាក់ស្តែងប៉ុណ្ណោះ ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

