រាជរដ្ឋាភិបាល សម្រេចដាក់ឱ្យអនុវត្តឡើងវិញអនុក្រឹត្យលេខ១៥៥ ចុះឆ្នាំ២០១២ ស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចចុះហត្ថលេខាលើអនុក្រឹត្ត ចេញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយសម្រេចនិរាករណ៍នូវអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការកំណត់តំបន់ គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។
ក្នុងអនុក្រឹត្តនេះ ក៏បានសម្រេចដាក់ឱ្យអនុវត្តឡើងវិញនូវអនុក្រឹត្យលេខ១៥៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការបង្កើត តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ។

បទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ, អភិបាលខេត្តក្រចេះ និងអភិបាលខេត្តស្ទឹងត្រែង ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

សូមជម្រាបថា នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងបើកវគ្គបណ្ដុះបណ្ដាលថ្មី នៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្ដេច បានធ្វើការទាំងយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដើម្បីសម្រេចកែប្រែអនុក្រឹត្យមួយ ដែលសម្ដេចយល់ថា នឹងប៉ះពាល់ ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីការពារសត្វផ្សោតនៅខេត្តក្រចេះ ។

សម្ដេចបានជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ទាក់ទងជាមួយនឹងបញ្ហាសត្វផ្សោត ដែលស្លាប់ជាបន្តបន្ទាប់នៅក្នុងខេត្តក្រចេះ ។ សម្ដេចថា អនុក្រឹត្យថ្មី ដែលហាមឃាត់ពលរដ្ឋ មិនឲ្យនេសាទនៅក្នុងតំបន់ព្រែកកាំពី ដែលមិនឲ្យប្រើប្រាស់មងក្រឡាតូច គឺមិនមានប្រសិទ្ធភាពនោះទេ ដូច្នេះត្រូវនិរាករណ៍ឡើងវិញ ។ សម្ដេច បានស្នើដល់ពលរដ្ឋប្រជានេសាទ កុំឲ្យប្រើប្រាស់មងក្រឡាធំ និងប្រើប្រាស់អគ្គិសនី ដើម្បីឆក់ត្រីនៅក្នុងតំបន់អភិរក្សសត្វផ្សោត។

សូមរំលឹកថា រដ្ឋបាលជលផល កាលពីថ្ងៃទៅ១៩ មេសា បានអំពាវនាវដោយទទូចដល់ប្រជានេសាទ ត្រូវឈប់ប្រើប្រាស់មង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត ក្នុងតំបន់សត្វផ្សោតរស់នៅជាបន្ទាន់ ខណៈមានកូនផ្សោតឈ្មោល ១ក្បាល បានស្លាប់ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយតាមរយៈការធ្វើកោសល្យវិច្ច័យ ក្រុមការងារបានសន្និដ្ឋានថា កូនផ្សោតនេះ ស្លាប់ដោយជាប់មង។

រដ្ឋបាលជលផល បានពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF កូនផ្សោតស្លាប់នេះ មានទម្ងន់ ១០គីឡូក្រាម ប្រវែង ០,៨៧ម៉ែត្រ អាយុប្រមាណ ៤ថ្ងៃ រលាត់ស្បែក ដាច់កន្ទុយ និងដាច់ព្រុយចំហៀងទាំងសងខាង ៕





ដោយ វណ្ណលុក