វៀតណាម ឃាត់ខ្លួនមនុស្ស៦៥នាក់ ពាក់ព័ន្ធនឹងសំណុំរឿងជួញដូរគ្រឿងញៀនតាមអ្នកបម្រើការយន្តហោះ
ហាណូយ៖ អាជ្ញាធរវៀតណាម បានឃាត់ខ្លួនមនុស្ស ៦៥ នាក់ទៀត នៅក្នុងសំណុំរឿងជួញដូរគ្រឿងញៀនតាមរយៈអ្នកបម្រើការយន្តហោះចំនួន៤នាក់ បន្ទាប់ពីបើកការស៊ើបអង្កេតអស់រយៈពេលមួយខែ។
ប៉ូលិសទីក្រុងហូជីមិញបានឱ្យដឹងកាលពីថ្ងៃពុធទី ២៦ ខែមេសាថា អាជ្ញាធរបានរកឃើញថ្នាំញៀនចំនួន៦កញ្ចប់បន្ថែមទៀត ដែលបានដឹកទៅដល់ប្រទេសវៀតណាមរួចហើយ។ ការដឹកជញ្ជូននោះ ស្ថិតនៅក្នុងផ្លូវជួញដូរពីក្រុងប៉ារីសទៅក្រុងហូជីមិញ ដែលពាក់ព័ន្ធទៅនឹងករណីរបស់អ្នកបម្រើការលើយន្តហោះ ៤នាក់ ដែលប៉ូលិសចាប់ខ្លួនកាលពីខែមីនា ចំពោះការដឹកជញ្ជូនគ្រឿងញៀនជាង១១គីឡូក្រាម។
បើតាមការរាយការណ៍របស់កាសែត VnExpress មនុស្សទាំង ៦៥ នាក់ដែលត្រូវបានចាប់ខ្លួន មានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋជាច្រើន ដោយពួកគេរងការស៊ើបអង្កេតពីបទជួញដូរគ្រឿងញៀន និងលាក់បាំងឧក្រិដ្ឋកម្មផ្សេងទៀត។ មនុស្ស ១២ នាក់ ត្រូវបានផាកពិន័យ ខណៈប៉ូលិសបានរឹបអូសថ្នាំញៀនប្រមាណ ៥០ គីឡូក្រាមសរុបទាំងអស់ រួមទាំងកាំភ្លើង និងវត្ថុតាងមួយចំនួនទៀត។
ប៉ូលិសបានរកឃើញថា មនុស្សទាំង ៦៥ នាក់ មិនត្រឹមតែប្រើបុគ្គលិកបម្រើការតាមយន្តហោះឱ្យបញ្ជូនថ្នាំញៀនចូលវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរកឃើញជនជាតិវៀតណាមដែលកំពុងសិក្សា ឬរស់នៅបារាំង ឱ្យដឹកជញ្ជូនគ្រឿងញៀនចូលប្រទេសវៀតណាម ដោយប្រើសេវាកម្មដឹកជញ្ជូនអន្តរជាតិទៀតផង។
នៅពេលគ្រឿងញៀនមកដល់អាកាសយានដ្ឋានវៀតណាម ឧក្រិដ្ឋជនទាំងនេះនឹងប្រើប្រាស់សេវាកម្មដឹកជញ្ជូនក្នុងស្រុក ដើម្បីដឹកជញ្ជូនទៅកាន់មនុស្សម្នាក់នៅក្នុងខេត្ត Dong Nai ដែលមានព្រំប្រទល់ជាប់នឹងទីក្រុងហូជីមិញ បន្ទាប់មកធ្វើការបែកចែកគ្រឿងញៀនទាំងនោះ ទៅកាន់ភ្នាក់ងារចែកចាយតាមតំបន់ផ្សេងៗ។
គួររំឭកថា កាលពីថ្ងៃទី ១៦ ខែមីនា កន្លែងត្រួតពិនិត្យសន្តិសុខនៅអាកាសយានដ្ឋានវៀតណាម Tan Son Nhat ក្នុងទីក្រុងហូជីមិញ បានរកឃើញសំបកថ្នាំដុសធ្មេញរាប់រយ ដែលមានផ្ទុកគ្រឿងញៀន ១១,៤ គីឡូក្រាម ដូចជាអេកស្តាស៊ី កេតាមីន និងកូកាអ៊ីន ដែលលាក់នៅក្នុងវ៉ាលីរបស់អ្នកបម្រើការយន្តហោះស្រីរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន ៤ នាក់។
អ្នកបម្រើការទាំង៤ ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីពួកគេធ្វើដំណើរតាមជើងហោះហើរពីបារាំងទៅវៀតណាម ប៉ុន្តែបានប្រាប់ប៉ូលិសថា ខ្លួនយល់ព្រមដឹងជញ្ជូនសំបកថ្នាំដុសធ្មេញ ៦០ គីឡូក្រាមក្រោមសំណើរបស់មនុស្សម្នាក់នៅបារាំង តាមរយៈបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍វៀតណាមម្នាក់ទៀត។ នៅថ្ងៃទី ២២ ខែមីនា អ្នកទាំង៤ត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ បន្ទាប់ពីអ្នកស៊ើបអង្កេតបានបញ្ជាក់ថា ពួកគេមិនបានដឹងថាប្រហែលពាក់កណ្តាលនៃសំបកថ្នាំដុសធ្មេញ មានផ្ទុកគ្រឿងញៀន។
គួរកត់សម្គាល់ថា វៀតណាមគឺជាមជ្ឈមណ្ឌលជួញដូរគ្រឿងញៀនដ៏សំខាន់មួយ បើទោះបីជាប្រទេសនេះមានច្បាប់គ្រឿងញៀនដ៏តឹងតែងក៏ដោយ។ អ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ឬរត់ពន្ធហេរ៉ូអ៊ីនលើសពី ៦០០ ក្រាម ឬជាង ២,៥ មេតំហ្វេតាមីនគីឡូក្រាម ប្រឈមនឹងការកាត់ទោសប្រហារជីវិត។ ការផលិត ឬលក់ ហេរ៉ូអ៊ីន ១០០ ក្រាម ឬ ៣០០ ក្រាមនៃគ្រឿងញៀនខុសច្បាប់ផ្សេងទៀត ក៏ត្រូវផ្តន្ទាទោសប្រហារជីវិតផងដែរ៕
ប្រែសម្រួលដោយ៖ ហួន ឌីណា
ប្រភព៖ 65 arrested in airline attendant drug trafficking case