កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចប្រចាំត្រីមាសទី១ឆ្នាំ២០២៣ និងកិច្ចពិភាក្សាអំពីការជ្រើសរើសមុខម្ហូបខ្មែរ សម្រាប់ទទួលភ្ញៀវបរទេសនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង «កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងកិច្ចពិភាក្សាអំពីការជ្រើសរើសមុខម្ហូបខ្មែរ សម្រាប់ទទួលភ្ញៀវបរទេសនៅកម្ពុជា» ដែលបានរៀបចំឡើងដោយ ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមទម្រង់ Hybrid។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួង-ស្ថាប័នពាក់ព័ន្ធ បណ្តាស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស តំណាងសមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន និងវិស័យឯកជន សរុបប្រមាណ ២០០នាក់ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ ។
![](https://asset.ams.com.kh/central/media/2023/04/MFAIC-PIC-24-1024x683.jpg)
កិច្ចប្រជុំនេះ មានគោលបំណងបូកសរុបការងារ ដែលក្រុមការងារ បានអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៣ និងផ្តល់ឱកាសជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាតំណាងវិស័យឯកជន មានមតិចំណាប់អារម្មណ៍ និងពិភាក្សាជ្រើសរើសមុខម្ហូបខ្មែរ សម្រាប់ទទួលភ្ញៀវបរទេស នៅតាមសណ្ឋាគារ និងភោជនីយដ្ឋាន ឱ្យមានភាពសម្បូរបែប និងស្តង់ដារខ្ពស់ ទាំងបញ្ជីមុខម្ហូប គ្រឿងផ្សំ រសជាតិ ការតុបតែង និងគុណភាព។
![](https://asset.ams.com.kh/central/media/2023/04/MFAIC-PIC-22-1024x683.jpg)
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការល្អ និងការគាំទ្រកន្លងមក ពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពី សារៈសំខាន់ នៃការប្រើប្រាស់អាហារជាឧបករណ៍ការទូត ដោយបានរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ ការនាំចេញផលិតផលខ្មែរ ក៏ដូចជាលើកកម្ពស់ជំនាញក្នុងវិស័យម្ហូបអាហារ។
![](https://asset.ams.com.kh/central/media/2023/04/MFAIC-PIC-21-1024x683.jpg)
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគាំទ្រនូវគំនិតផ្តួចផ្តើម ក្នុងការជ្រើសរើសមុខម្ហូបខ្មែរ ដែលទាមទារឱ្យមានការចូលរួម ពីភាគីពាក់ព័ន្ធក្នុងស្រុក ពិសេសពីវិស័យឯកជន ដូចជាសណ្ឋាគារ និងភោជនីយដ្ឋាន ដែលតែងតែទទួលភ្ញៀវបរទេសនៅកម្ពុជា ដើម្បីធានាបាននូវអត្តសញ្ញាណជាតិ ព្រមទាំងកំណត់បាននូវរសជាតិ និងគ្រឿងផ្សំស្តង់ដារ និងអាចក្លាយជាជំហានថ្មីមួយ ក្នុងការផ្សព្វផ្សាយម្ហូបខ្មែរ ដល់ភ្ញៀវបរទេស និងលើកស្ទួយកិត្យានុភាពជាតិថែមមួយកម្រិតទៀត។
![](https://asset.ams.com.kh/central/media/2023/04/MFAIC-PIC-28-1-1024x683.jpg)
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តមបណ្ឌិត ញឹម ខេមរា បានរៀបចំអាហារសាមគ្គី ជូនតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការភ្លក់ម្ហូបខ្មែរដែលមានឱជារសឈ្ងុយឆ្ងាញ់ និងធ្វើការស្វែងយល់អំពីគ្រឿងផ្សំ ក៏ដូចជាបច្ចេកទេសធ្វើម្ហូបផងដែរ។
![](https://asset.ams.com.kh/central/media/2023/04/MFAIC-PIC-31-1024x683.jpg)
ដោយ សួង ពិសិដ្ឋ