ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ត្រេកអរជាមួយប្រជាពលរដ្ឋ ចំពោះសមិទ្ធផលជាច្រើនដែលបន្តកើតមានឡើងក្នុងទីអារាមវត្តគ្រើល
ខេត្តព្រៃវែង៖ ក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តថ្មី ហៅវត្តគ្រើល ស្ថិតក្នុងភូមិបន្ទាយបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមអនុមោទនាត្រេកអរជាមួយប្រជាពលរដ្ឋ ចំពោះសមិទ្ធផលជាច្រើនដែលបន្តកើតមានឡើងក្នុងទីអារាមវត្តគ្រើលដ៏ចំណាស់ដែលរងការបំផ្លិចបំផ្លាញខ្លាំងក្នុងសម័យសង្គ្រាម ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងកាលៈទេសៈសុខសន្តិភាព សេរីភាព និងភាពសម្បូរសប្បាយរុងរឿងដូចបច្ចុប្បន្ន, ប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលនានាទាំងផ្នែកសាសនា និងអាណាចក្រ ទៅតាមបំណងប្រាថ្នារៀងៗខ្លួន ព្រោះប្រជាពលរដ្ឋមានក្តីសង្ឃឹមជឿជាក់ថា សមិទ្ធផលទាំងអស់ដែលកើតមានឡើង នឹងនៅបន្តឋិតថេរគង់វង្សរាប់ជំនាន់តទៅ នៅក្រោមស្ថិរភាពរឹងមាំ ដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្តេជ្ញាការពារដាច់ខាតសម្រាប់ជាតិ និងប្រជាជន។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តទៀតថា ប្រជាជនជាម្ចាស់ប្រទេស ហើយមន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានតម្កល់ផលប្រយោជន៍របស់ប្រជាជនជាធំ ក្នុងគ្រប់កាលៈទេសៈ ដូចដែលស្តែងឡើងតាមរយៈការបង្កើតយន្តការជាច្រើនចុះបម្រើប្រជាពលរដ្ឋផ្ទាល់នៅតាមមូលដ្ឋាន និងការពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីការនៅក្នុងពេលបំពេញមុខងារផងដែរ ៕ ដោយ ៖ ហេង វណ្ណា


