កម្ពុជា-អង់គ្លេស ឯកភាពពង្រីកកិច្ចសហប្រតិបត្តិបន្ថែមលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ភ្នំពេញ៖ កម្ពុជានិងចក្រភពអង់គ្លេសបានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈអង់គ្លេស មានបំណងចង់ទាក់ទាញអ្នកជំនាញមកបណ្តុះបណ្តាលផ្នែកបច្ចេកទេសនៅកម្ពុជាដែលកំពុងមានសក្តានុពល និងមានតម្រូវការខ្ពស់។
ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការងារ។
ក្នុងជំនួបនោះឯកឧត្តម អ៊ិត សំហេង បានលើកឡើងថា ការនាំចេញផលិតផលកាត់ដេរទៅកាន់ចក្រភពអង់គ្លេសមានស្ថានភាពល្អ ដែលផ្តល់ការងារដល់ស្រ្តីកម្ពុជាជាច្រើន ខណៈចក្រភពអង់គ្លេសនៅតែបន្តយកចិត្តទុកដាក់លើស្ត្រីនៅកម្ពុជា។ចំពោះការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(TVET) កម្ពុជាខិតខំបណ្តុះបណ្តាលឱ្យទាន់តម្រូវការ ដោយឥឡូវនេះកម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្មជំនាញ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជាមានកម្មវិធីបណ្តុះបណ្តាលពិសេសបួនខែ លើសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ (C1) ដល់យុវជនក្រីក្រចំនួន ១.៥លាននាក់ ចាប់អនុវត្តពីឆ្នាំ២០២៣នេះ។
ទន្ទឹមនឹងនោះ ឯកអគ្គរាជទូតឯកឧត្តម ដូមីនិក វីល្លៀម លើកឡើងថា ចក្រភពអង់គ្លេសនឹងបន្តជំរុញឱ្យមានការបណ្តុះបណ្តាល TVET បន្ថែមទៀតនៅកម្ពុជា និងបានផ្ដល់យោបល់ឱ្យភាគីកម្ពុជា បង្កើត
បណ្តាញ TVET ក្នុងឱកាសវេទិកាអប់រំពិភពលោកលើកទី១៩ នឹងប្រព្រឹត្តទៅពីថ្ងៃទី៧-១០ ខែឧសភា ឆ្នាំ២០២៣នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។
ប្រភពក្រសួងការងារ បញ្ជាក់ថា៖«ជាមួយនេះឯកអគ្គរាជទូត មានបំណងចង់ទាក់ទាញអ្នកជំនាញអង់គ្លេសមកបណ្តុះបណ្តាលនៅកម្ពុជា»។
ពាក់ព័ន្ធបំណងនេះ ឯកឧត្តម អ៊ិត សំហេង ឆ្លើយតបវិញថា ក្រសួងការងារ អាចផ្តល់បណ្ណការងារ និងកូតាសម្រាប់បុគ្គលិកជនជាតិអង់គ្លេសដែលមកបម្រើការងារនៅក្នុងប្រទេសកម្ពុជា ហើយក្រសួងក៏នឹងផ្តល់អាទិភាពសម្របសម្រួលអ្នកជំនាញជាន់ខ្ពស់ជូនភាគីចក្រភពអង់គ្លេសផងដែរ។
ឯកឧត្តម ដូមីនិក វីល្លៀម ឱ្យដឹងទៀតថា ចក្រភពអង់គ្លេសគ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មី (DCTS) ដែលគ្រោងនឹងអនុវត្តនៅខែមេសាឆ្នាំ២០២៣។ លោកបញ្ជាក់ថា៖«ទោះបីស្ថានភាពកម្ពុជាចាកចេញពីប្រទេសក្រីក្រ ក៏ចក្រភពអង់គ្លេសនៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាដែរ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី ហៅកាត់ DCTS»។ ឯកអគ្គរាជទូត ក៏បានបង្ហើបពីគម្រោងសម្រាប់អភិវឌ្ឍន៍កម្ពុជា ខាងការបណ្តុះបណ្តាលជំនាញអេឡិចត្រូនិកជាន់ខ្ពស់ ព្រោះនៅអង់គ្លេសសម្បូរអ្នកជំនាញផ្នែកនេះ។
តាមរយៈការអនុគ្រោះនេះ កម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើនក្នុងការនាំចេញទំនិញមួយចំនួនទៅអង់គ្លេស មានដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្មមួយចំនួន ដោយគ្មានរបាំងពន្ធឡើយ ខណៈផលិតផលអង់គ្លេសនាំចូលមកកម្ពុជាមាន រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិកជាដើម។កម្ពុជានិងអង់គ្លេសក៏គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា នាពេលខាងមុខដើម្បីជំរុញការដោះដូរទំនិញ និងការវិនិយោគរវាងប្រទេសទាំងពីរ។
គួរជម្រាបថា បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ទំហំពាណិជ្ជកម្មកម្ពុជា និងចក្រភពអង់គ្លេសបានបន្តកើនឡើងជាប់ជាលំដាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២២ កន្លងទៅទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនដល់ជាង ៩៧៧ លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២៣.៩ភាគរយ ធៀបនឹងឆ្នាំ២០២១ ហើយទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេសគឺ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប រីឯទំនិញដែលចក្រភពអង់គ្លេសនាំចូលមកកម្ពុជាគឺរថយន្ត និងកាកសំណល់ឧស្សាហកម្មសម្រាប់ផលិតចំណីសត្វ៕ ដោយ៖ សុខ រក្សា