កម្ពុជា-វៀតណាម ឯកភាពគ្នាពន្លឿនបញ្ចប់នីតិវិធីផ្ទៃក្នុងលើការផ្តល់សច្ចាប័ននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន
ភ្នំពេញ៖ កម្ពុជានិងវៀតណាម ឯកភាពគ្នាពន្លឿនការបញ្ចប់នីតិវិធីផ្ទៃក្នុងលើការផ្តល់សច្ចាប័នអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងប្តេជ្ញាអនុវត្តឱ្យមានប្រសិទ្ធភាពនៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាននៅពេលខាងមុខ។
ការឯកភាពគ្នានេះធ្វើឡើងតាមរយៈកិច្ចប្រជុំលើកទី១២ ពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តតៃនីញ ប្រទេសវៀតណាម ក្រោមវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តម ជិន លីវ ក្វាង ឧបនាយករដ្ឋមន្ត្រីវៀតណាម ព្រមជាមួយវត្តមានឯកឧត្តម ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា។
ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរ បានកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើផ្នែកនេះមានការរីកចម្រើន ជាពិសេសវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងបណ្តាខេត្តជាប់ព្រំដែនដែលទទួលបានលទ្ធផលជាវិជ្ជមាន។ នេះបើយោងតាមសេចក្តីប្រកាសពីក្រសួងពាណិជ្ជកម្ម។
ប្រភពដដែលបានបញ្ជាក់ដូច្នេះថា៖«ភាគីទាំងពីរ ក៏បានឯកភាពគ្នាពន្លឿនការបញ្ចប់នីតិវិធីផ្ទៃក្នុងលើការផ្តល់សច្ចាប័នអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ» ។
លើសពីនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែននេះ ឱ្យមានប្រសិទ្ធភាព នៅពេលចូលជាធរមាននៅពេលខាងមុខ។
ពាក់ព័ន្ធនឹងបញ្ហានេះឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មយល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តពង្រឹងយុទ្ធសាស្រ្តនៃករាតភ្ជាប់ផ្នែកធុរកិច្ច លើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ និងអាជីវកម្មរវាងភាគីទាំង២។ លោកបន្តថា៖«កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម»។
ឯកឧត្តម ប៉ែន សុវិជាតិ រំពឹងថា នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន ការនាំចេញ នាំចូលរវាងប្រទេសទាំង២ នឹងកើនឡើង ជាពិសេសសម្រួលដល់ការនាំចេញកសិផលពីកម្ពុជាទៅកាន់វៀតណាម លើកកម្ពស់សេវាកម្មគាំទ្រពាណិជ្ជកម្មតាមព្រំដែនតួយ៉ាង ការជួលឃ្លាំង ផ្នែកដឹកជញ្ជូន ការកែច្នៃ ការរក្សាទុកទំនិញ សេវាធនាគារហិរញ្ញវត្ថុ ជាដើម។ ជាពិសេសសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ បង្រ្កាបការត់ពន្ធនិងការក្លែងបន្លំផងដែរ។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ រដ្ឋសភាកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាម ក្នុងសម័យប្រជុំ លើកទី៩ នីតិកាលទី៦ ។ រដ្ឋសភាបញ្ជាក់ថា ជាសេចក្តីព្រាងច្បាប់មានសារៈសំខាន់ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងសង្គម។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មដែលទទួលបានពីភាគីវៀតណាម ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម បានបន្តកើនឡើងយ៉ាងខ្លាំងដែលសម្រេចបានទំហំទឹកប្រាក់ ១០,៥៧ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២២ កើនឡើងប្រមាណ១១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១ បើទោះបីស្ថិតនៅដំណាក់កាលរងផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ១៩ ក្តី៕ ដោយ៖ សំបាន ច័ន្ទដារ៉ា