ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងប្រារព្វទិវាសេរីភាពសារព័ត៌មានពិភពលោក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងព័ត៌មាននិងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងចូលរួមប្រារព្វទិវាសេរីភាពសារព័ត៌មានពិភពលោក បើទោះបីជាឆ្នាំនេះក្រសួងមិនបានចាត់ចែងរៀបចំកម្មវីធីដោយផ្ទាល់ក៏ដោយ ប៉ុន្តែក្រសួងនឹងចាត់តាំងអ្នកតំណាង ដើម្បីទៅចូលរួមជាមួយដៃគូរពាក់ព័ន្ធនានាក្នុងការប្រារព្វទិវានេះ។

បើតាមឯកឧត្តម មាស សុភ័ណ្ឌ រដ្ឋលេខាធិការនិងជាមន្រ្តីអ្នកនាំពាក្យក្រសួងព័ត៌មាន បានដឹងនៅថ្ងៃទី២៧ ខែមេសានេះថា ពាក់ព័ន្ធនឹងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះ ក្រសួងព័ត៌មាន តែងតែផ្តល់តម្លៃនិងសារសំខាន់ចំពោះទិវានេះ និងតែងតែគាំទ្រដល់ដៃគូរពាក់ព័ន្ធនានាក្នុងការរៀបចំប្រារព្វទិវានេះជារៀងរាល់ឆ្នាំ។

ឯកឧត្តមបន្តថា ទោះបីជាក្រសួងព័ត៌មានមិនបានចាត់ចែងរៀបចំកម្មវិធីនេះក៏ដោយ ប៉ុន្តែក្រសួងអាចចាត់ចែងអ្នកតំណាងពីក្រសួងព័ត៌មាន ដើម្បីទៅចូលរួមកម្មវិធីប្រារព្ធទិវានេះ ខណៈដែលមានការរៀបចំដោយភាគីពាក់ព័ន្ធនានា ដូចបណ្តាឆ្នាំកន្លងៗមកផងដែរ។

ឯកឧត្តម មាស សុភ័ណ្ឌ បញ្ជាក់ថា៖ «សម្រាប់ឆ្នាំនេះ ដោយសារមានភាពមមាញឹកខ្លាំងក្នុងការត្រៀមរៀបចំការផ្សព្វផ្សាយព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលនឹងចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រសួងពុំបានចាត់តាំងរៀបចំកម្មវីធីដូចឆ្នាំ២០២២កន្លងទៅនោះទរ ប៉ុន្តែអាចចាត់តាំងតំណាងក្រសួងព័ត៌មានចូលកម្មវិធីប្រារព្ធទិវានេះ ដែលរៀបចំដោយភាគីពាក់ព័ន្ធនានា ដូចបណ្តាឆ្នាំកន្លងៗមកផងដែរ»។

ឯកឧត្តមបន្ថែមថា សម្រាប់ទិវានេះ នៅកម្ពុជាក៏តែងតែទទួលបានការយកចិត្តទុកពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ ហើយឆ្នាំនេះក៏អាចមិនខុសពីបណ្តាឆ្នាំកន្លងមកដែរពីព្រោះសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាអាចនឹងចេញសារលិខិតអបអរសាទរទិវាសេរីភាពពិភពលោកនេះដូចបណ្តាឆ្នាំមុនៗជាដើម។

ឯកឧត្តមបញ្ជាក់ទៀតថា ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា មានស្ថានភាពល្អប្រសើរជាលំដាប់ ហើយលំហរសេរីភាពសារព័ត៌មាននៅតែរក្សាបានយ៉ាងពេញលេញស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ ចំនួនអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានប្រកបដោយភាពចម្រុះ និងទស្សនៈគ្រប់និន្នាការ មានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងបាន និងកំពុងបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន ឬធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានា ដោយសេរីគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា ដោយគ្មានការរើសអើង រឹតត្បិត គំរាមកំហែង ឬធ្វើទុក្ខបុកម្នេញនោះឡើយ។ ទិវាសេរីភាពសារព័ត៌មានពិភពលោក នឹងប្រារព្វឡើងនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៣។

លោក ហួន ផន ជាមន្ត្រីសម្របសម្រួលគម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជា នៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំសកម្មភាពមួយចំនួន ដើម្បីចូលរួមប្រារព្វទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលក្នុងនោះមានការរៀបចំផ្សព្វផ្សាយជីវប្រវត្តិរបស់អ្នកសារព័ត៌មាន និងអ្នកដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស ដែលលះបង់ទៅលើកិច្ចការងារសារព័ត៌មាន។ ក្រៅពីនេះ លោកថា៖«ក៏មានបង្ហាញនូវវីដេអូខ្លី ដែលទាក់ទងនឹងអ្វីទៅដែលហៅថាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្វីទៅដែលហៅថាសេរីភាពបញ្ចេញមតិ ក៏ដូចជាកម្មវីធីវិទ្យុដែលទាក់ទងជាមួយនឹងតួនាទីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេសកម្ពុជា»។

លោកក៏សង្កេតឃើញថា បច្ចុប្បន្ននេះ ការវិវឌ្ឍសេរីភាពភាពខាងបញ្ចេញមតិ ព្រមទាំងសេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា មានការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាន។

សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលចុះថ្ងៃទី២៦ ខែមេសានេះ បានឱ្យដឹងថា ទិវានេះប្រារព្ធឡើងដើម្បីគោរពដល់តួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានក្នុងការផ្ដល់ព័ត៌មានត្រឹមត្រូវ និងអាចទុកចិត្តបានដល់សាធារណជន ដែលពេលខ្លះអ្នកសារព័ត៌មានក៏ប្រឈមនឹងបញ្ហាអាយុជីវិតរបស់ខ្លួនផងដែរ។

CCHR បញ្ជាក់ថា៖«ទិវានេះក៏ជាការរំលឹកឡើងវិញនូវសារៈសំខាន់នៃសេរីភាពសារព័ត៌មានក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងប្រជាធិបតេយ្យ និងជាការរំលឹកដល់រដ្ឋាភិបាលនៅជុំវិញពិភពលោកឱ្យបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការលើកកម្ពស់ និងគោរពសេរីភាពសារព័ត៌មាន ព្រមទាំងបង្កបរិយាកាសឱ្យមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដោយសេរី និងរស់រវើក»៕ ដោយ៖ ជា សុខនី

ads banner