រដ្ឋមន្ត្រីការបរទេសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងកិច្ចពិភាក្សាអំពីការជ្រើសរើសមុខម្ហូបខ្មែរសម្រាប់ទទួលភ្ញៀវបរទេសនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុង «កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងកិច្ចពិភាក្សាអំពីការជ្រើសរើសមុខម្ហូបខ្មែរសម្រាប់ទទួលភ្ញៀវបរទេសនៅកម្ពុជា» ដែលបានរៀបចំឡើងដោយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមទម្រង់ Hybrid។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួង-ស្ថាប័នពាក់ព័ន្ធ បណ្តាស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស តំណាងសមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន និងវិស័យឯកជន សរុបប្រមាណ ២០០នាក់។ កិច្ចប្រជុំនេះ មានគោលបំណងបូកសរុបការងារ ដែលក្រុមការងារបានអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៣ និងផ្តល់ឱកាសជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាតំណាងវិស័យឯកជន មានមតិចំណាប់អារម្មណ៍ និងពិភាក្សាជ្រើសរើសមុខម្ហូបខ្មែរ សម្រាប់ទទួលភ្ញៀវបរទេស នៅតាមសណ្ឋាគារ និងភោជនីយដ្ឋាន ឱ្យមានភាពសម្បូរបែប និងស្តង់ដារខ្ពស់ ទាំងបញ្ជីមុខម្ហូប គ្រឿងផ្សំ រសជាតិ ការតុបតែង និងគុណភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អ និងការគាំទ្រកន្លងមក ពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការប្រើប្រាស់អាហារជាឧបករណ៍ការទូត ដោយបានរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ ការនាំចេញផលិតផលខ្មែរ ក៏ដូចជាលើកកម្ពស់ជំនាញក្នុងវិស័យម្ហូបអាហារ។ ស្របជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគាំទ្រនូវគំនិតផ្តួចផ្តើមក្នុងការជ្រើសរើសមុខម្ហូបខ្មែរ ដែលទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងស្រុក ពិសេសពីវិស័យឯកជន ដូចជាសណ្ឋាគារ និងភោជនីយដ្ឋាន ដែលតែងតែទទួលភ្ញៀវបរទេសនៅកម្ពុជា ដើម្បីធានាបាននូវអត្តសញ្ញាណជាតិ ព្រមទាំងកំណត់បាននូវរសជាតិ និងគ្រឿងផ្សំស្តង់ដារ និងអាចក្លាយជាជំហានថ្មីមួយ ក្នុងការផ្សព្វផ្សាយម្ហូបខ្មែរដល់ភ្ញៀវបរទេស និងលើកស្ទួយកិត្យានុភាពជាតិថែមមួយកម្រិតទៀត។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តមបណ្ឌិត ញឹម ខេមរា បានរៀបចំអាហារសាមគ្គី ជូនតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការភ្លក់ម្ហូបខ្មែរដែលមានឱជារសឈ្ងុយឆ្ងាញ់ និងធ្វើការស្វែងយល់អំពីគ្រឿងផ្សំ ក៏ដូចជាបច្ចេកទេសធ្វើម្ហូបផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ