កូសូវ៉ូ ទាមទារឱ្យសហភាពអឺរ៉ុប ថ្កោលទោស ស៊ែប៊ី ចំពោះការបំពានលើកិច្ចព្រមព្រៀងអន្តរជាតិ
កូសូវ៉ូ៖ មួយខែក្រោយភាពតានតឹងជាតិសាសន៍ និងនយោបាយ រវាងកូសូវ៉ូ និងស៊ែប៊ី ចុះស្រាកស្រាន្តក្រោមកិច្ចព្រមព្រៀមរបស់សហភាពអឺរ៉ុប កូសូវ៉ូ កាលពីថ្ងៃពុធថ្មីៗនេះ បានចោទប្រកាន់ស៊ែប៊ី ថាបានរំលោភលើកិច្ចព្រមព្រៀងនោះ តាមរយៈការបោះឆ្នោតប្រឆាំងនឹងសមាជិកភាពក្រុមប្រឹក្សាអឺរ៉ុបរបស់កូសូវ៉ូ។
គួរបញ្ជាក់ថា យោងតាមកិច្ចព្រមព្រៀង និងយន្តការអនុវត្តរបស់សហភាពអឺរ៉ុប ដែលអនុម័តកាលពីថ្ងៃទី ១៨ ខែមីនា ប្រទេសស៊ែប៊ី នឹងមិនត្រូវរារាំងកូសូវ៉ូក្នុងការចូលជាសមាជិកសម្ព័ន្ធភាព ឬអង្គការអន្តរជាតិណាឡើយ។ ប៉ុន្តែដោយការប្រឆាំងរបស់ស៊ែប៊ី អនុរដ្ឋមន្ត្រីការបរទេសរបស់កូសូវ៉ូ លោក Kreshnik Ahmeti បានអំពាវនាវឱ្យសហភាពអឺរ៉ុបថ្កោលទោសសកម្មភាពរបស់ប្រទេសស៊ែប៊ី ។
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vučić ដែលមើលការខុសត្រូវលើតួនាទីរបស់ប្រទេសលោកក្នុងកិច្ចព្រមព្រៀងនេះ បានធ្លាប់បានថ្លែងនាពេលកន្លងមកថា ការអនុវត្តកិច្ចព្រមព្រៀងនឹងចាប់ផ្តើមភ្លាមៗនៅពេលកូសូវ៉ូបំពេញកាតព្វកិច្ចរបស់ខ្លួន។
បន្ថែមពីនេះ ដើម្បីអនុលោមតាមកិច្ចព្រមព្រៀងនេះ ប្រទេសស៊ែប៊ី ទទូចថា សមាគមជនជាតិស៊ែប៊ី (ASM) រស់នៅកូសូវ៉ូ គួរតែត្រូវបានបង្កើតជាមុនសិន។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា ភាគីទាំងសងខាងមិនបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង នោះទេ ដែលធ្វើឱ្យមានការប្រទាញប្រទង់គ្នាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀង និងការដែលថាតើកិច្ចព្រមព្រៀងមានវិសាលភាពកម្រិតណាសម្រាប់ភាគីទាំង២ ដែលគ្រាន់តែបានប្តេជ្ញាចិត្តផ្ទាល់មាត់ចំពោះកិច្ចព្រមព្រៀង។
ម្យ៉ាងវិញទៀត វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលស៊ែប៊ីបានប្រឆាំងនឹងសមាជិកភាពរបស់កូសូវ៉ូនៅក្នុងក្រុមប្រឹក្សាអឺរ៉ុប ដោយសារតែស៊ែប៊ីបដិសេធមិនទទួលស្គាល់ឯករាជ្យរបស់កូសូវ៉ូ ដែលផ្ដាច់ខ្លួនពីកាលពី ១៥ ឆ្នាំមុន។ ស៊ែប៊ីចាត់ទុករដ្ឋនេះថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលធ្វើឱ្យមានភាពតានតឹងកើតមានឡើងឥតឈប់ឈររវាងរដ្ឋទាំង២ ដែលមានកូសូវ៉ូគាំទ្រភាគច្រើនដោយលោកខាងលិច និងស៊ែប៊ីគាំទ្រដោយរុស្ស៊ី៕ ប្រែសម្រួល៖ ហួន ឌីណា