ចិន ចេញវិធានការថ្មី ដើម្បីបង្កើតទំនាក់ទំនងជាមួយអ្នកទិញ និងស្តារការបញ្ជាទិញឡើងវិញ
ប៉េកាំង៖ចិនកំពុងប្រជែងនឹងពេលវេលាក្នុងការកសាងទំនុកចិត្ត និងតភ្ជាប់ជាមួយអ្នកទិញនៅក្រៅប្រទេសឡើងវិញ តាមរយៈការចេញវិធានការជាច្រើនដើម្បីជំរុញពាណិជ្ជកម្ម រួមទាំងការបង្កើនការចូលរួមនៅក្នុងពិព័រណ៍ក្រៅប្រទេសនិងការស្វាគមន៍អ្នកជំនួញបរទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post នៅថ្ងៃព្រហ្បតិ៍។
ក្រុមប្រឹក្សារដ្ឋបាននិយាយក្នុងឯកសារមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារថា ចិននឹងជួយសម្រួលដល់អ្នកនាំចេញដើម្បីចូលរួមក្នុងការតាំងពិពណ៌នៅក្រៅប្រទេសបន្ថែមទៀត ដើម្បីបង្កើតទំនាក់ទំនងជាមួយអ្នកទិញ និងដើម្បីស្តារការបញ្ជាទិញឡើងវិញ។
ឯកសារ «១៨ ចំណុច» និយាយថា ចិននឹងបន្តការហោះហើរអន្តរជាតិឡើងវិញ ព្រមទាំងសម្រួលដល់វិធានការធ្វើតេស្តកូវីដ១៩ដល់អ្នកធ្វើដំណើរចូលចិនផងដែរ។
ក្រុមប្រឹក្សារដ្ឋនិយាយថា៖ «[យើងនឹង] កែលម្អប្រសិទ្ធភាពនៃការដំណើរការបណ្ណអាជីវកម្ម Apec Business Travel Card ដើម្បីលើកកម្ពស់បន្ថែមទៀតលើការសុំទិដ្ឋាការ និងសម្រួលដំណើរការរបស់បុគ្គលិកធុរកិច្ចបរទេស»។ ក្រុមប្រឹក្សានិយាយដូច្នេះ ដោយសំដៅលើកាតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec card) ដែលចិនចេញឱ្យអ្នកជំនួញដែលធ្វើដំណើរមួយចំនួន និងមន្ត្រីជាន់ខ្ពស់
រដ្ឋាភិបាល។
គួរបញ្ជាក់ថា រដ្ឋាភិបាលចិនកំពុងព្យាយាមពន្លឿនការនាំចេញផ្នែកឧស្សាហកម្មពាណិជ្ជកម្ម ប៉ុន្តែដោយសារគោលនយោបាយសូន្យកូវីដអូសបន្លាយរបស់ប្រទេស បានបណ្តាលឱ្យមានការយឺតយ៉ាវនៃការបញ្ជាទិញ និងការបាត់បង់អតិថិជន ចំពេលដែលអាមេរិកប៉ុនប៉ងដកចិនចេញពីខ្សែចង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មរបស់ខ្លួន។
ឯកសារ «១៨ ចំណុច» ក៏បានចង្អុលបង្ហាញផងដែរ ពីការខិតខំប្រឹងប្រែងដើម្បីជំរុញវិស័យរថយន្ត និងពាណិជ្ជកម្មអេឡិចត្រូនិក រួមទាំងការលើកទឹកចិត្តដល់កិច្ចព្រមព្រៀងផ្ទាល់រវាងក្រុមហ៊ុនរថយន្ត និងដឹកជញ្ជូន ក៏ដូចជាការលើកទឹកចិត្តឱ្យប្រើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន ដើម្បីជំរុញពាណិជ្ជកម្មបរទេស។
ក្រុមប្រឹក្សារដ្ឋបាននិយាយទៀតថា ចិននឹងឆ្លើយតបចំពោះការរឹតបន្តឹងពាណិជ្ជកម្មក្រៅប្រទេសដែល «មិនសមហេតុផល» ដើម្បីធ្វើឱ្យការធូរស្រាលដល់ឧស្សាហកម្មសំខាន់ៗ ដែលរងផលប៉ះពាល់ដោយជម្លោះពាណិជ្ជកម្មជាមួយអាមេរិក ខណៈចិនក៏ជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ បង្កើនសមត្ថភាពលើការព្រមានជាមុន និងការវាយតម្លៃលើហានិភ័យនៃជម្លោះពាណិជ្ជកម្ម។
ជាមួយគ្នានោះ ទីក្រុងប៉េកាំងបានកំណត់ទស្សនៈរបស់ខ្លួនលើសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបានរីកចម្រើនក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
អាជ្ញាធរមូលដ្ឋាននឹងត្រូវបានលើកទឹកចិត្ត ឱ្យពង្រីកវិសាលភាពជាសាកលរបស់ខ្លួន ដោយការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ និងអភិវឌ្ឍជំនាញក្នុងឧស្សាហកម្មសំខាន់ៗជាមួយសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានសមាជិកចំនួន ១៥ រួមមានសមាជិកអាស៊ានទាំង ១០ បូករួមនឹងប្រទេសចិន អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង៕ ប្រែសម្រួលដោយ៖ ហួន ឌីណា