សម្តេចតេជោសែនអំពាវនាវពលរដ្ឋរក្សាសណ្តាប់ធ្នាប់ពេលទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋអ្នកទស្សនាកីឡាស៊ីហ្គេម សូមរក្សាសណ្តាប់ធ្នាប់ ដោយសារតែភាពធ្វេសប្រហែស នៃការគ្មានសណ្តាប់ធ្នាប់នេះ ធ្លាប់បានបង្កើតជាសោកនាដកម្មតាមប្រទេសដទៃកន្លងមក។
ប្រសាសន៍អំពាវនាវការថែរក្សាសណ្តាប់ធ្នាប់នេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃនៅមុនការប្រកួតបាល់ទាត់នឹងត្រៀមចាប់ផ្តើមថ្ងៃទី២៩ មេសា ខាងមុខនេះហើយ។ ប្រសាសន៍អំពាវនាវការរក្សាសណ្តាប់ធ្នាប់នេះ បានធ្វើតាមសារសម្លេងផង និងធ្វើនៅថ្ងៃទី២៧ មេសា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាលនៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចបានបញ្ជាក់ថានៅថ្ងៃទី២៩ មេសា ចុងសប្តាហ៍នេះ ការប្រកួតបាល់ទាត់ជាអន្តរជាតិនឹងត្រូវចាប់ផ្តើមហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជាព្រឹត្តិការណ៍កីឡាស៊ីហ្គេមរៀបចំដោយកម្ពុជា ដែលរាជរដ្ឋាភិបាលចំណាយថវិកាច្រើនរយលានដុល្លារ ដើម្បីបំរើសេចក្តីត្រូវការរបស់ពលរដ្ឋ និងការជួយលើកតម្កើងកិត្តិយសជាតិនេះ បែរជាមានអំពើហិង្សាណាមួយបានកើតឡើងនោះ គឹដូចជាការបោះចោលអ្វីទាំងអស់នូវកិច្ចប្រឹងប្រែង ដែលកម្ពុជាបានត្រៀមធ្វើជាលើកដំបូង ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមកនេះ។
សម្តេចតេជោ ហ៊ុន សែន នៅបានដាក់បញ្ជាដល់រដ្ឋបាលខេត្ត និងរាជធានីត្រូវរៀបចំកន្លែងចាក់ Slide ផ្តិតរូបភាពប្រកួតផ្ទាល់ ពីខាងក្នុងពហុកីឡាដ្ឋាន ដើម្បីចាក់ជូនពលរដ្ឋទស្សនានៅតាមខេត្ត និងក្នុងរាជធានី តាមទីកន្លែងដែលរៀបចំសម្រាប់ឱ្យពលរដ្ឋទស្សនាព្រឹត្តិការណ៍ដែលកម្ពុជាទើបនឹងរៀបចំជាលើកដំបូងក្នុងសម័យដឹកនាំតេជោសែនដ៏រុងរឿងនេះ។