ឯកឧត្តម ថោង ខុន កំណើនទេសចរនឹងវិលត្រលប់មកដូចមុនពេលកូវីដ១៩ នៅដើមឆ្នាំ២០២៦ខាងមុខ
ព្រះសីហនុ៖ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានលើកឡើងថា កំណើនទេសចរនឹងវិលត្រលប់មកដូចមុនពេលកូវីដ១៩ នៅដើមឆ្នាំ២០២៦ ខាងមុខ ដូចមុនពេលការរាតត្បាយនៃមេរោគកូវីដ១៩ នៅត្រឹមចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ខាងមុខ។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា នៅក្នុងពេលកូវីដ១៩ ក្រសួងបានរៀបចំផែនទីចង្អុលបង្ហាញផ្លូវ ដោយផែនទីនោះបានព្យាករណ៍ថា នៅក្រោយពេលដែលកូវីដបានធូរស្រាល ទេសចរក្នុងស្រុកនឹងកើនឡើងក្នុងទម្រង់អក្សរV (ឡើងលឿន ក្នុងទម្រង់ភ្លាមៗ) និងទេសចរណ៍បរទេសកើនឡើងក្នុងទម្រង់អក្សរ “យូ”(U)។
ឯកឧត្តម ថោង ខុន បញ្ជាក់បន្តថា តាមសភាពជាក់ស្តែងនេះ វាត្រូវទៅតាមផែនទីចង្អុលបង្ហាញផ្លូវដែលបានរៀបចំទុក ព្រោះយើងសង្កេតឃើញថា ទេសចរក្នុងស្រុកចេញដើរកំសាន្តច្រើន ដោយកាលពីឆ្នាំ២០២២ ភ្ញៀវក្នុងស្រុកចេញដើរជាង១៣លាននាក់ ខណៈដែលផែនទីចង្អុលបង្ហាញផ្លូវប៉ាន់ស្មានថា២០២៣ ទើបបាន១៣លាន ហើយ២០២៣នេះគ្រាន់តែអង្គរសង្រ្កាន្តមួយ និងការចេញដើររបស់ពលរដ្ឋពេលចូលឆ្នាំមានចំនួន១៣លាននាក់ទៅហើយ»។
ការថ្លែងឡើងបែបនេះ របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការអភិវឌ្ឍខេត្តព្រះសីហនុ ដែលសហការរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ។
ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ទេសចរក្នុងស្រុកឆ្លើយតបទៅនឹងផែនទីចង្អុលបង្ហាញផ្លូវរបស់យើង។ ឯទេសចរអន្តរជាតិ ក៏មិនខុសពីផែនទីចង្អុលបង្ហាញផ្លូវដែរ។ យើងព្យាករណ៍ថា មិនយូរទេអាចនឹងត្រលប់មកដូចមុនពេលកូវីដ១៩វិញ មិនយូរទេនៅចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ព្រោះថាឆ្នាំទៅយើងបាន ២,២ លាននាក់។ ខណៈដែលត្រីមាសទី១ ដើមឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរណ៍ បានប្រមាណជា ១,២លាននាក់ ហើយនៅ៣ត្រីមាសទៀត កម្ពុជាអាចចាប់យកបាន រហូតដល់បួនលាននាក់ គឺយើងអាចទៅរួច។
ក្រសួងទេសចរណ៍បញ្ជាក់ថា ចំនួនភ្ញៀវច្រើននេះ គឺដោយសារភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅបន្តដើរលេងនៅតាមគោលដៅទេសចរណ៍នានា ក៏ដូចជាបន្តលេងកម្សាន្តកម្មវិធីផ្សេងៗបន្ទាប់ពីបញ្ចប់កម្មវិធីចូលឆ្នាំ។ ជាមួយគ្នានេះដែរ ក្នុងរយៈពេលសប្តាហ៍កន្លងមក ជាចំនួនច្រើនមួយធៀបនឹងសប្តាហ៍ធម្មតាដែលភ្ញៀវទេសចរមានចំនួនជាមធ្យមចន្លោះពី២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍ ខណៈដែលរយៈពេលចូលឆ្នាំបីថ្ងៃ កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណជាង១៣លាននាក់។
យោងតាមរបាយការណ៍ពីក្រសួងទែសចរណ៍ បានឱ្យដឹងថា មួយសប្ដាហ៍ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលគឺចាប់ពីថ្ងៃទី១៧-២៣ ខែមេសា ឆ្នាំ២០២៣មានភ្ញៀវទេសចរចំនួន ៧៨៩,៤៧៣នាក់ នៅបន្តដើរទស្សនាកម្សាន្តទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមាន ៧៥៣,៧០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន ៣៥,៧៦៥នាក់ ៕ អត្ថបទ រូបភាព ៖ ង៉ាន់ ទិត្យ