ប្រមុខ WHO៖ ការបាត់បង់ជីវិតមនុស្សព្រោះកូវីដ១៩ ថយចុះដល់ទៅ៩៥ភាគរយ

ហ្សឺណែវ៖ អត្រាមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ បានធ្លាក់ចុះរហូតដល់៩៥ភាគរយ ក្នុងឆ្នាំ២០២៣ នេះបើតាមប្រមុខអង្គការសុខភាពពិភពលោក (WHO )។

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ បានថយចុះដល់ទៅ៩៥ភាគរយ គិតចាប់តាំងពីដើមឆ្នាំនេះ ប៉ុន្តែបានព្រមានថា វីរុសនេះនៅតែកំពុងបន្តសកម្មភាពនៅឡើយទេ។

ប្រមុខអង្គការ WHO លោក ថេដ្រូស អាដាណូម ហ្កេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយ កាលពីថ្ងៃពុធ សប្តាហ៍នេះ យ៉ាងដូច្នេះថា «យើងពិតជាត្រេកអរណាស់ ចំពោះការបន្តថមថយជាលំដាប់នៃសេចក្តីរាយការណ៍ អំពីករណីស្លាប់ដោយសារកូវីដ១៩ ដែលបានធ្លាក់ចុះរហូតដល់៩៥ភាគរយ ចាប់តាំងតែពីដើមឆ្នាំនេះ»។

ប៉ុន្តែ ទោះជាយ៉ាងនេះក្តី លោក ថេដ្រូស ថា ប្រទេសខ្លះនៅកំពុងមើលឃើញការកើនឡើង ហើយក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយនេះ មនុស្សសរុប១៤,០០០នាក់ បានបាត់បង់ជីវិតដោយសារកូវីដ។ ម៉្យាងវិញទៀត ដូចដែលការលេចឡើងនៃវីរុសកូវីដបំប្លែងថ្មី XBB.1.16 បានស្តែងឱ្យឃើញយ៉ាងដូច្នោះ គឺវីរុសនេះកំពុងបន្តមានការប្រែប្រួល ហើយនៅអាចមានសមត្ថភាពបង្ករលកឆ្លងរាលដាល ក៏ដូចជាការស្លាប់ថ្មីៗបន្តទៀត។

លោក ថេដ្រូស បានគូសបញ្ជាក់ជាថ្មីថា អង្គការសុខភាពពិភពលោក នៅតែមានក្តីសង្ឃឹមថា នឹងអាចប្រកាសបិទបញ្ចប់ជំងឺកូវីដ១៩ ជាភាពអាសន្នផ្នែកសុខភាពសាធារណៈជាអន្តរជាតិ ខណៈគណៈកម្មាធិការដែលផ្តល់ប្រឹក្សាឱ្យរូបលោក ស្តីពីស្ថានភាពគ្រាអាសន្ននេះ នឹងត្រូវជួបប្រជុំនៅខែក្រោយ សម្រាប់កិច្ចប្រជុំជាប្រចាំរៀងរាល់ត្រីមាសរបស់ខ្លួន៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner