ព្រឹទ្ធសភានឹងបន្តសម័យប្រជុំដើម្បីពិនិត្យហើយឱ្យយោបល់សេចក្តីព្រាងច្បាប់ចំនួនបី នៅថ្ងៃទី២ ឧសភា
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីពិនិត្យហើយឱ្យយោបល់សេចក្តីព្រាងច្បាប់ចំនួនបី។ ការកំណត់ថ្ងៃបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ បានធ្វើឡើងបន្ទាប់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៤ រួមមាន៖
១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភានីតិកាលទី៤។
២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភានីតិកាលទី៤។
៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៤។
៤-កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដើម្បីពិនិត្យហើយឱ្យយោបល់សេចក្តីព្រាងច្បាប់ ទាំងបីខាងលើនេះ។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ទាំងបីនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣កន្លងមកនេះ។ គួររម្លឹកថា សេចក្តីព្រាងច្បាប់ទាំងបីនេះ ត្រូវបានអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចឯកភាពកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ ត្រូវបានរៀបចំឡើងជា ២០ជំពូក និង ២៥៥មាត្រា។ សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ត្រូវបានរៀបចំឡើងជា ១៥ជំពូក និង ៨៧មាត្រា។ សេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ត្រូវបានរៀបចំឡើងដើម្បីផ្ដល់ភាពងាយស្រួល កែលម្អ បំពេញចន្លោះខ្វះខាត និងធានាបានសង្គតិភាពដោយ៖ (១) ប្រមូលផ្តុំចងក្រងច្បាប់និង លិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារដែលមាននៅក្រោមក្រឹត្យ-ច្បាប់នានា និងច្បាប់ស្តីពីសារពើពន្ធ ព្រមទាំងវិសោធនកម្មជាបន្តបន្ទាប់ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការស្វែងរកនិងការ អនុវត្ត (២) កែសម្រួលនិងបំពេញបន្ថែមនូវបទប្បញ្ញត្តិដែលមានភាពខ្វះចន្លោះ (៣) ដាក់បញ្ចូល នូវគោលការណ៍ទន់ភ្លន់ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការលើកទឹកចិត្ត ផ្នែកពន្ធដារមួយចំនួន និង(៤) បើកផ្លូវឱ្យចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម ឌីជីថលកម្ពុជា ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងបរិបទថ្មីៗនៃវិស័យធុរកិច្ច តាមរយៈការ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបក្នុងការកៀរគរនិងគ្រប់គ្រងការប្រមូលចំណូល។
សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ត្រូវបានរៀបចំឡើងស្របតាមទិសដៅនៃកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ ក្នុងគោលបំណងដើម្បីធានាបាននូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយ តួនាទីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅជានិយ័តករនិងជាអ្នកធ្វើសវនកម្មលើកិច្ចលទ្ធកម្ម ចំណែកក្រសួង ស្ថាប័ន នឹងត្រូវផ្ដល់សិទ្ធិអំណាចនិងការទទួលខុសត្រូវ ព្រមទាំងគណនេយ្យភាព ពេញលេញក្នុងការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។ ចំណែកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចបញ្ជូន «សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិង រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម» ទៅសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឺទ្ធសភា