អគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមកំពុងតែដង្ហែចូលមកកាន់រាជធានីភ្នំពេញ
ភ្នំពេញ៖ ព្រះអគ្គិជ័យកីឡា(ភ្លើងគប់) សម្រាប់ព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានវិលត្រឡប់ចូលមកកាន់ព្រះរាជាណាចក្រ កម្ពុជាវិញ ពីគណៈប្រតិភូនៃប្រទេសឡាវ។នាខណៈពេលនេះ ដែរព្រះអគ្គិជ័យកីឡាកំពុងតែ ដង្ហែចូលមកកាន់រាជធានីភ្នំពេញហើយ។
គួរបញ្ជាក់ថាបន្ទាប់ពីទទួល ព្រះអគ្គិជ័យកីឡា ចូលមកកម្ពុជាវិញ និងប្រារព្ធពិធីដង្ហែ ក្នុងខេត្តស្ទឹងត្រែង ហើយព្រះអគ្គិជ័យកីឡាដែលបានបន្តឆ្លងកាត់ទៅខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្ដាល និងចូលទៅកាន់ វិមានឈ្នះៗ។ បន្ទាប់មក បន្តដង្ហែក្នុងរាជធានីភ្នំពេញ និងនៅជុំវិញបឹងទន្លេសាប រួចវិលចូលមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃប្រារព្ធពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាផ្លូវការ។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាយើង គឺជាម្ចាស់ផ្ទះ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា ខាងមុខ ។
គួរបញ្ជាក់ថា បន្ទាប់ពី ចាកចេញពីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ត្បូងឃ្មុំ កណ្តាល ខណៈបានបន្តដង្ហែតាមក្បួនដែលអមជាមួយរថយន្ដ និងម៉ូតូធំជាច្រើនគ្រឿងនោះនាពេលនេះអគ្គិជ័យកីឡា បានឆ្ពោះមកកាន់រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២៣នេះ។
បើយោងតាមកាលវិភាគនោះឃើញថានៅថ្ងៃទី២៨ ខែមេសាវេលាម៉ោង ០៦:៤៥ល្ងាចនេះ នឹងមានពិធីទទួលព្រះអគ្គិជ័យកីទ្បា នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដង្ហែទៅវត្តលង្កាព្រះកុសុមារាម។
បន្ថែមលើនេះនៅថ្ងៃទី២៩ ខែមេសា វេលាម៉ោង ០៦៖០០នាទីព្រឹក នឹងមានពិធីរត់ដង្ហែព្រះអគ្គិជ័យកីទ្បា នៅមុខស្ថានទូតសិង្ហបុរី ដង្ហែទៅមុខអង្គភាពប្រឆាំងអំពើពុករលួយ។
សូមបញ្ជាក់ថាក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជាបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងផុសផុលជាបន្ដបន្ទាប់ក្នុងការដង្ហែទៅកាន់ប្រទេសវៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងឡាវ ជាប្រទេសចុងក្រោយ៕
ដោយ៖ម៉ាដេប៉ូ