គណៈរដ្ឋមន្ត្រី សម្រេចអនុម័ត និងកែសម្រួលពាក្យពេចន៍មួយចំនួនលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុម័ត និងកែសម្រួលពាក្យពេចន៍មួយចំនួន លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយសម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ត្រៀមដាក់ឆ្លងក្រមបរិស្ថាននេះ ទៅស្ថាប័នរដ្ឋសភា។ នេះបើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បញ្ជាក់លើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ។

សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ មានខ្លឹមសារសង្ខេបដូចខាងក្រោម៖ សារបាន-ចាប់តាំងពីការបង្កើតរដ្ឋរលខាធិការដ្ឋានគ្រប់គ្រង «បរិដ្ឋាន» នៅឆ្នាំ១៩៩៣ និងបានក្លាយជាក្រសួងបរិស្ថាននៅឆ្នាំ១៩៩៦។

ក្រសួងបរិស្ថាន បានបុកគ្រឹះពង្រឹងការដ្ឋានបរិស្ថានកម្ពុជា ជាមូលដ្ឋានសម្រាប់មន្ត្រីរាជការគ្រប់ថ្នាក់ និងគ្រប់ជំនាន់ បំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ខ្លួន រហូតកម្ពុជាមានលទ្ធភាពពូនជ្រំកោសិកាសង្គម ដែលមានសមត្ថភាព ឆន្ទៈ មនសិការវិជ្ជាជីវៈ ប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ យុត្តិធម៌និងមិនលម្អៀង ស្មារតីសហការ ម្ចាស់ការ និងថែរក្សាបាននូវឧត្តមប្រយោជន៍ជាតិ ក្នុងកិច្ចការបរិស្ថាន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន កសាងរដ្ឋបាលទំនើប និងកែលម្អក្របខ័ណ្ឌច្បាប់ គោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ រួមចំណែករៀបចំប្រទេសឱ្យឈានជើងយ៉ាងស្វាហាប់ឆ្លងចូលទំព័រសករាជថ្មីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា លើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្នសង្គម។

ក្នុងនាមកម្ពុជាជាប្រធានប្ដូរវេនអាស៊ាន បានផ្ដួចផ្តើមឱ្យមាន «កិច្ចព្រមព្រៀងអាស៊ាន (ASEAN Green Deal)» ដែលនឹងក្លាយជាត្រីវិស័យមួយដ៏ចាំបាច់សម្រាប់តម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងប្រកបដោយចីរភាព ក៏ដូចជាជួយពង្រឹងភាពជាអ្នកដឹកនាំរបស់កម្ពុជាលើឆាកអន្តរជាតិ និងជាក្របខ័ណ្ឌដ៏ទូលំទូលាយបន្ថែមទៀតសម្រាប់វិស័យបរិស្ថានជាតិផងដែរ។

គោលបំណងចម្បងនៃ «សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ»នេះ គឺប្រមូលផ្ដុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្ម ឱ្យមានភាជាក់ស្ដែងនិយមសង្គត្តិភាព វិសាលភាពទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី។ «សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ»នេះ បំពេញបន្ថែម និងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ពាក់ព័ន្ធនានា ដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល ច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ភូមិបាល ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្ដីការគ្រប់គ្រងធនធានទឹក។ល។ ក្នុងន័យនេះ «សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ» ត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍សំខាន់ ៣គឺ (១) លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិត្រូវបានធ្វើសមាហរណកម្ម (២) លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិត្រូវបានធ្វើសុខដុមនីយកម្ម និង(៣) លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាត្រូវបានធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។

គុណប្រយោជន៍ចម្បងៗនៃ «សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ» មានដូចខាងក្រោម៖

  • ពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ ការអភិរក្ស និងការស្ដារឡើងវិញនូវធនធានធម្មជាតិ ជិវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព។
  • កំណត់ទិសដៅរួមជាយុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ។
  • ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ ក្នុងការចូលរួមកាន់តែប្រសើរជាងមុន នៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ តាមរយៈការបង្កើត និងការគោរពនូវទំនាក់ទំនងនៃមុខងាររបស់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានសង្គមទាំងអស់។
  • បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រង ការពារ អភិរក្ស និងស្ដារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិនិងវប្បធម៌ សំដៅធានបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់។
  • ផ្តល់ជាយន្តការជំរុញ និងលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវអំពីបរិស្ថាន ដល់គ្រប់មជ្ឈដ្ឋានសង្គមទាំងអស់ តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការបណ្ដុះបណ្ដាល ទាំងយន្តការក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
  • ដើរតួជាបទប្បញ្ញតិ្តគោលមួយដ៏រឹងមាំ សម្រាប់មន្ត្រីអនុវត្តច្បាប់ ជាពិសេសមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្ក្រាបបទលើ្មសបរិស្ថាននិងធនធានធម្មជាតិ និងមន្ត្រីអនុវត្តច្បាប់នៃក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធទាំងអស់។

ដំណើរនៃការរៀបចំសេចក្តីព្រាងក្រម។
«សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ»នេះ គឺជាកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន ដែលបានចំណាយពេលយ៉ាងយូរ តាំងពីឆ្នាំ២០១៥ មកគិតមកទល់ពេលនេះមានរយៈពេលជិត ៨ឆ្នាំ ដោយក្រសួងបរិស្ថានបានប្រជុំជាច្រើនលើកច្រើនសារជាមួយបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំមតិ យោបល់និងធាតុចូល ពិសេសជាមួយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។ នេះគឺជាសក្ខីភាពសរបញ្ជាក់ឱ្យឃើញថា «សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ»នេះ គឺជាសមិទ្ធផលរួម ដែលកើតចេញពីការបេ្តជ្ញាចិត្ត និងឆន្ទៈនយោបាយខ្ពស់របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារអន្តរក្រសួងទាំងអស់ឈរលើស្មារតីសហការជិតស្និទ្ធប្រកបដោយមនសិការ ការលះបង់ សាមគី្គភាពនិងឯកភាពជាតិ និងការទទួលខុសត្រូវខ្ពស់ ដោយតម្កល់អាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល និងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ ធ្វើយ៉ាងណារៀបចំឱ្យមានលិខិតបករណ៍មួយ ដែលមានលក្ខណៈប្រមូលផ្ដុំគ្រប់ជ្រុងជ្រោយ បច្ចុប្បន្នភាព សង្គត្តិភាព និងស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ដែលពាក់ព័ន្ធ។
ខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងក្រម-រចនាសម្ព័ន្ធនៃសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិត្រូវបានរៀបចំឡើង ដោយប្រមូលផ្ដុំ និងបែងចែកជា ១២គន្ថី និង៨៨៨មាត្រា ដូចតទៅ៖

  • គន្ថីទី១ បទប្បញ្ញត្តិទូទៅ
  • គន្ថីទី២ ការគ្រប់គ្រងបរិស្ថាននិងយន្តការប្រកបដោយនិរន្តភាព
  • គន្ថីទី៣ កិច្ចគាំពារបរិស្ថាន
  • គន្ថីទី៤ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការគ្រប់គ្រងធនធានធម្មជាតិ តំបន់ឆ្នេរ តំបន់កោះ និងសមុទ្រ
  • គន្ថីទី៥ ការវាយតម្លៃបរិស្ថាន
  • គន្ថីទី៦ ការទទួលខុសត្រូវលើការខូចខាតបរិស្ថាន
  • គន្ថីទី៧ ការអប់រំ ការស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ និងការយល់ដឹងអំពីបរិស្ថាន
  • គន្ថីទី៨ វិធានសេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រាក់កម្រៃ និងមូលនិធិផ្នែកបរិស្ថាន
  • គន្ថីទី៩ ការដោះស្រាយវិវាទបរិស្ថាន និងធនធានធម្មជាតិ
  • គន្ថីទី១០ ទោសប្បញ្ញតិ្ត
  • គន្ថីទី១១ អន្តរប្បញ្ញត្តិ
  • គន្ថីទី១២ អវសានប្បញ្ញត្តិ ៕
    អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner